(​ភ្នំពេញ​)៖ គិត​មកដល់​ថ្ងៃទី​១៣ ខែតុលា​នេះ ជំនន់​ទឹកភ្លៀង បាន​ប៉ះពាល់​ដល់ ១៩ ខេត្ត​-​រាជធានី ស្មើនឹង ៦០ ក្រុង​ស្រុក​ខណ្ឌ និង ២០៤ ឃុំ​សង្កាត់​។ ជំនន់​ទឹកភ្លៀង​នេះ បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​សរុប​ជាង ៣៤ ០០០ គ្រួសារ ស្មើ​ប្រមាណ​ជាង ១៣​ម៉ឺន​នាក់ និង​បណ្តាល​ឲ្យ​ស្លាប់ ១១​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

​ខេត្ត​រាជធានី ទាំង ១៩ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ទឹកភ្លៀង នាពេលនេះ រួមមាន​៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លើកឡើងថា ជំនន់​ទឹកភ្លៀង នៅ ១៩​ខេត្ត​-​រាជធានី បាន​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៣៤ ០០០ ខ្នង លិច​សាលារៀន ៨៧​កន្លែង ស្រូវ​លិច​ទឹក​ជាង ៨៨ ០០០ ហិកតា ( ខូចខាត​ប្រមាណ​ជាង ៤០០០ ហិកតា​)​។ ដំណាំ​រួមផ្សំ​លិច​ទឹក​ជាង ៥២ ០០០ ហិកតា ( ខូចខាត​ជាង ៦ ០០០ ហិកតា​)​។ រីឯ​ផ្លូវជាតិ​លិច​ទឹក​មាន​ប្រមាណ​ជាង ១៧ គីឡូម៉ែត្រ ផ្លូវលំ​លិច​ទឹក​ប្រមាណ​ជាង ១៦៧​គីឡូម៉ែត្រ និង ៣១​ខ្សែ​។ ចំណែក​ស្ពាន លិច​ទឹក​មាន ២៤​កន្លែង​។

​ក្រៅពី​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៣៤ ០០០ គ្រួសារ ស្មើ​ប្រមាណ​ជាង ១៣​ម៉ឺន​នាក់ និង​ជម្លៀស​ប្រជាជន​ជាង ២០០០​គ្រួសារ ទៅកាន់​ទីទួល​សុវត្ថិភាព ជំនន់​ទឹកភ្លៀង ក៏បាន​សម្លាប់​មនុស្ស ១១​នាក់ នៅ​ខេត្តបន្ទាយមានជ័យ ៤​នាក់ ខេត្ត​ព្រះសីហនុ ២​នាក់ ពោធិ៍សាត់ ៣​នាក់ ប៉ៃលិន​ម្នាក់ និង​នៅ​ខេត្តកំពង់ធំ ម្នាក់​។​

​ដោយឡែក នៅ​រាជធានី​ភ្នំពេញ គិត​ត្រឹម​រសៀល​ថ្ងៃទី​១៣ ខែតុលា​នេះ ប្រជាពលរដ្ឋ ចំនួន ៧៧១​គ្រួសារ នៅ​ខណ្ឌដង្កោ បាន​រង​ផលប៉ះពាល់ ដោយសារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​ថា ប្រទេស​កម្ពុជា​យើង នឹង​បន្ត​ទទួលរង​ឥទ្ធិពល​ខ្យល់ព្យុះ ដែល​បង្ក​ជា​ភ្លៀង និង​អាច​កើតមាន​ទឹកជំនន់ នៅ​ទី​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់ភ្នំ ចាប់ពី​ថ្ងៃទី​១៨-២០ ខែតុលា ឆ្នាំ​២០២០៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ