បន្ទាយមានជ័យ ៖ បុរសម្នាក់ ទំនងជាភ័យខ្លាចខ្លាំងពេក ព្រោះតែត្រុវសមត្ថកិច្ច ដេញចាប់ ខណៈពេលកំពុងបាញ់គ្រាប់អាប៉ោង ក៏ប្រឹងរត់រហូតគាំងបេះដូង ដួល និងបាបស្លាប់ ក្រោយពីរត់គេចខ្លួនមិនអោយសមត្ថកិច្ចចាប់ ទាំងក្នុងដៃ មានក្តាប់ជាប់គ្រាប់មេអាប៉ោង។ ហេតុការណ៍នេះ កើតឡើងកាលពីរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចវាលត្រពាំងច្រាំងខាងលិច ភូមិផ្គាំ ចម្ងាយប្រហែល៥០០ម៉ែត្រ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមសម្តីរបស់នគរបាលស្រុកអូរជ្រៅតាមទូរស័ព្ទ នារសៀលថ្ងៃទី៦ ខែតុលា បានអោយដឹងថា ដើម្បីគ្រប់គ្រងការពារភូមិឃុំសុវត្ថិភាព កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលសឹង្ហបានប្រតិបត្តិការបង្ក្រាបវង់ល្បែងមួយកន្លែង ដែលក្រុមអ្នកញៀនបានជួបជុំគ្នាលេង។ ហើយក្នុងប្រតិបត្តិការនោះអ្នកលេងបានដឹងខ្លួនមុន ហើយបានបែកហ្វូងគ្នារត់យករួចខ្លួន ខណៈក្រុមសមត្ថកិច្ចបានចុះទៅដល់។ សមត្ថកិច្ចបានធ្វើការដេញបំបែកហ្វូង តែអកុសលបុរសម្នាក់រត់ផងភ័យផងបានដួលដេកលើភ្លឺស្រែព្រោះតែជំងឺគាំងបេះដូង ហើយក៏បានស្លាប់គ្រាដែលសមត្ថកិច្ចព្យាយាមបញ្ជូនមកដល់មន្ទីរពេទ្យដែរ។ សពបុរសខាងលើនេះ រស់នៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អ្នកដែលឃើញហេតុការណ៍និយាយថា ករណីនេះ ជនរងគ្រោះ ទំនងជាភ័យខ្លាចខ្លាំងពេក និងប្រឹងរត់រហូតគាំងបេះដូង ដួលសន្លប់ ទើបបណ្តាលឲ្យបាត់បង់ជីវិតបែបនេះ ហើយអ្វីដែលគួរអោយកត់សម្គាល់ទៀតនោះគឺ ដួលសន្លប់ទាំងដៃក្តាប់ជាប់ គ្រាប់មេអាប៉ោងផងដែរ។

សមត្ថកិច្ច អះអាងថា អ្នកលេងល្បែងស៊ីសង (អាប៉ោង) សមត្ថកិច្ចគ្រាន់តែព្យាយាមឃាត់ខ្លួនពួកគាត់ដើម្បីធ្វើការអប់រំតែប៉ុណ្ណោះ មិនមានគោលការណ៍ចាប់ដាក់គុកនោះទេ ប៉ុន្តែដោយអ្នកលេងល្បែងនោះ គាត់ភ័យពេក រត់រហូតគាំងបេះដូង ដួលស្លាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ