ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងការធ្វើចត្តាឡីស័កនៅតាមផ្ទះ និងតាមមណ្ឌលចត្តាឡីស័ក ឲ្យបានហ្មត់ចត់ ដើម្បីចូលរួមការពារការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានអោយដឹងទៀតថា ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ប្រទេសកម្ពុជាស្ថិតនៅតែមានហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ គ្រប់ពេលវេលានៅឡើយ។ ដើម្បីចូលរួមបន្ត ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ ការពង្រឹងការធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ឬការដាក់ខ្លួនឲ្យ នៅដាច់ដោយឡែករបស់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះ និងនៅតាមមណ្ឌលនានាគឺ តម្រូវឲ្យមានការចូលរួមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ពីបុគ្គល និងមានការគ្រប់គ្រង យ៉ាងម៉ឺងម៉ាត់ពីអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាននៅទូទាំងប្រទេស បន្ទាប់ពីទទួលបានលទ្ធផលតេស្ត លើកទីមួយ អវិជ្ជមានវីរុសកូវីដ-១៩ ដែលមានការអនុញ្ញាតឲ្យបុគ្គលនោះ ទៅធ្វើចត្តាឡីស័ក ឬធ្វើការដាក់ខ្លួនឲ្យ នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន។ ការមិនគោរពបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល ដូចជាការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយ ឬទៅប៉ះពាល់ជាមួយអ្នកដទៃទៀត ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ឬនៅដាច់ដោយឡែកនេះ នឹងអាចជាហេតុ នាំឲ្យមានការចម្លងវីរុសកូវីដ-១៩ ពីបុគ្គល ម្នាក់ទៅម្នាក់ បង្កើតឱកាសចម្លងទៅអ្នកផ្សេងទៀត និងក៏អាចជាឱកាសនាំឱ្យមានការចម្លងទៅក្នុងសហគមន៍ ផងដែរ ប្រសិនបើបុគ្គលនោះមានផ្ទុកវីរុសកូវីដ-១៩។

ដូច្នេះ ក្រសួងសុខាភិបាលសូមអំពាវនាវសារជាថ្មីដល់សាធារណជន ក្រសួងពាក់ព័ន្ធ អាជ្ញាធរថ្នាក់ ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន និងបងប្អូនទាំងអស់ សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ កុំឲ្យមានឆ្លងចូលទៅក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជា ដោយទាំងអស់គ្នាត្រូវតែបន្តអនុវត្តន៍តាមការណែនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងរបស់ក្រសួងសុខាភិបាល ដោយអនុវត្តនូវគោលការណ៍ណែនាំសំខាន់ៗដូចតទៅ៖

_ អាជ្ញាធរថ្នាក់ក្រោមជាតិ សូមបន្តធ្វើឲ្យសកម្មនូវការអប់រំប្រជាជនអំពីវិធានការការពារ និងភាពចាំបាច់នៃការធ្វើ ចត្តាឡីស័ក ឬការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមបណ្តារាជធានី អាជ្ញាធររាជធានី -ខេត្ត ជាបន្តទៀត។
_ អាជ្ញាធររាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការ ណែនាំការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។
_ រដ្ឋបាលឃុំ/សង្កាត់៖ ដឹកនាំការងារគ្រប់គ្រង និងរក្សាអនាម័យឲ្យបានស្អាត នៅតាមមណ្ឌលចត្តាឡីស័កនិងធ្វើការតាមដានគ្រប់គ្រងយ៉ាងហ្មត់ចត់ចំពោះអ្នកដែលបានអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់គាត់ ដោយមានកិច្ចសហការពីគណៈគ្រប់គ្រងមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ ដោយអនុវត្តតាមគោលការណ៍ចត្តាឡីស័ក និងក្នុងករណីមានអ្នកដែលមានបញ្ហាសុខភាព។

_ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់ចែងមន្ត្រីឃុំ/សង្កាត់ និងមន្រ្តីភូមិ និងរៀបចំក្រុមការងារតាមភូមិ ឱ្យចូលរួមពង្រឹងការអនុវត្តវិធានលំនៅដ្ឋានចត្តាឡីស័ក ដោយឃ្លាំមើលនូវការអនុវត្តរបស់អ្នកចត្តាឡីស័ក និងការពារសុវត្ថិភាព ព្រមទាំងយាមកាមកុំឲ្យមានអ្នកដែលមានបំណងរត់ចេញ អាចរត់ចេញបាន។ ក្នុងករណីមានអ្នករត់ចេញពីការធ្វើចត្តាឡីស័ក ត្រូវអនុវត្តច្បាប់ដែលមានជាធរមាន លើបុគ្គលដែលរត់នោះ។
– អាជ្ញាធររាជធានី -ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើ ការណែនាំការអនុវត្តបានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺ ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជន ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនឲ្យស្របតាមរបត់នៃ “ការរស់នៅធម្មតា តាមបែបគន្លងថ្មីក្នុងបរិបទ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ក្នុងករណីចាំបាច់ ” ដោយប្រកាន់យកនូវការអនុវត្តអនាម័យដៃស្អាត (លាងដៃឱ្យញឹកញាប់ ) ពាក់ម៉ាស់ ) ប្រើក្រម៉ា ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានក្អក កណ្តាស់ បន្តអនុវត្តគម្លាតសុវត្តិភាព សង្គម និងគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះឡើង ជាចាំបាច់។
_ ជំរុញឲ្យអ្នកជិតខាង បងប្អូនសាច់ញាតិ ក្រុមគ្រួសារបុគ្គលដែលធ្វើចត្តាឡីស័កឲ្យចូលរួមណែនាំ និងរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ក្នុងករណីបុគ្គលចត្តាឡីស័ក មិនគោរព ឬមិនអនុវត្តនូវវិធានការការពារខ្លួន និង វិធានការដាក់ខ្លួនឲ្យនៅដោយឡែក ដើម្បីកុំឲ្យមានការចម្លងពីបុគ្គលទៅក្រុមគ្រួសារ ឬអ្នកជិតខាងខ្លួន។
_ ប្រជាពលរដ្ឋមកពីក្រៅប្រទេសដែលមិនបានត្រួតពិនិត្យសុខភាពនៅតាមព្រំដែន ត្រូវតែឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពផ្ទាល់ខ្លួនជាចាំបាច់ក្នុងរយៈពេល១៤ថ្ងៃ និងជម្រាបក្រុមគ្រូពេទ្យដើម្បីពិនិត្យសុខភាព នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត ប្រសិនបើមានអាការៈមិនស្រួល ឬករណីសង្ស័យ។ _ ចុះពិនិត្យស្ថានភាពនៅទីកន្លែងស្នាក់នៅរបស់អ្នកចត្តាឡីស័កតាមផ្ទះ ដែលបញ្ជូនមកពីមណ្ឌលពិនិត្យ សុខភាពខេត្ត និងពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងរៀបចំចាត់ចែងការងារបន្ត ដោយផ្អែកលើ លទ្ធផលនៃការតាមដានពិនិត្យឲ្យបានហ្មត់ចត់ជាទីបំផុត។
_ ចំពោះបុគ្គលដែលធ្វើចត្តាឡីស័កនៅផ្ទះ សូមអនុវត្តនូវវិធានការដូចខាងក្រោមនេះ ឲ្យបានពេញលេញក្នុង រយៈពេល១៤ថ្ងៃ៖

១. សូមនៅក្នុងបន្ទប់មួយដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ហើយបន្ទប់នោះ ត្រូវមានខ្យល់ចេញ-ចូលល្អ
២. ត្រូវពាក់ម៉ាស់ និងរក្សាចម្ងាយយ៉ាងហោចណាស់ មួយម៉ែត្រកន្លះ ពីសមាជិកគ្រួសារផ្សេង ទៀត និងអ្នកដទៃ
៣. កាត់បន្ថយការប្រើប្រាស់កន្លែងរួមគ្នា ដូចជាបន្ទប់ទឹក ផ្ទះបាយ ជាដើម
៤. ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន៖ ឆែកកំដៅខ្លួន ២ដងក្នុងមួយថ្ងៃ ប្រសិនបើមាន គ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសំបោរ ពិបាកដកដង្ហើម ឈឺក្បាល ឈឺសាច់ដុំ ឬរាក សូមរាយការណ៍ទៅ ទូរស័ព្ទលេខ ១១៥ ឬទៅក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ដូចជាមណ្ឌលសុខភាព ឬ មន្ទីរពេទ្យរដ្ឋ ជាដើម
៥. លាងដៃឲ្យបានញឹកញាប់ ជាប្រចាំ ជាពិសេស សំអាតដៃមុនពេល និងបន្ទាប់ពីរៀបចំអាហារ បន្ទាប់ចេញពីបង្គន់ និងនៅពេលដែលឃើញដៃកខ្វក់
៦. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬ កណ្តាស់ ដោយក្រដាសជូតមាត់ ក្រម៉ា ឬបត់កែងដៃរួចហើយលាងសំអាតដៃភ្លាម
៧. បោះចោលកាកសំណល់ក្នុងធុងសម្រាមដែលមានគម្របបិទជិត ៨. សម្អាតបន្ទប់ទឹក ស្រោមពូក ខ្នើយ ភួយ និងបរិក្ខារប្រើប្រាស់ផ្សេងៗ ជាប្រចាំ ៩. កុំធ្វើដំណើរតាមការដឹកជញ្ជូនសាធារណៈ រថយន្តឈ្នួលរួមគ្នាជាមួយអ្នកដទៃនិងកុំទៅកន្លែងសាធារណៈ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ