ភ្នំពេញ ៖ បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាព អាកាសធាតុជាបន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹង ឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹង សម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង ។ ដោយឡែកនៅលើសមុទ្រចិនខាងត្បូង នឹងអាចកើតមានជា វិសម្ពាធទាប (Tropical Depression) ឬជាព្យុះ (Tropical Storm) ដើរសំដៅឆ្ពោះចូលដល់លើភាគខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០ ។ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តស្ទើរទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ នឹងអាចមានភ្លៀង និងខ្យល់កើនឡើង។
ចំពោះបណ្តារាជធានី ខេត្តនៅភាគខាងត្បូង ខេត្តខាងកើតជាប់ប្រទេសវៀតណាម និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យទីទំនាបក្បែរផ្លូវទឹក តំបន់ភ្នំ និងតំបន់ជួរភ្នំក្រវាញ នៅក្នុងភូមិសាស្រ្តនៃបណ្តាខេត្តទាំងនោះ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ពិសេស បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មាន ជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ