(ភ្នំពេញ) ៖ រដ្ឋបាលខេត្តកោះកុង បានប្រកាសឱ្យដឹងថា ខ្លួននឹងរៀបចំកិច្ចប្រជុំរបស់ខ្លួន ជាមួយភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ៥៨ គ្រួសារ ដែលមានក្បាលដី ពាក់ព័ន្ធនឹងទីតាំងគម្រោង អគ្គិសនី ដុត ធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ ស្ថិតនៅ ឃុំថ្មស ស្រុកបទុមសាគរ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្អែកនេះ។
យោងតាមសេចក្តីអញ្ជើញ របស់រដ្ឋបាលសាលាខេត្តកោះកុង ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ចុះហត្ថលេខាដោយលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ឱ្យដឹងថា “សូមអញ្ជើញ ប្រជាពលរដ្ឋ ចំនួន ៥៨ គ្រួសារ ចូលរួមប្រជុំផ្សព្វផ្សាយ និងដោះស្រាយ សំណងគោលនយោបាយ ពាក់ព័ន្ធនឹងទីតាំង គម្រោង សាងសង់រោងចក្រអគ្គិសនី ដុត ធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ នៅឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង ។ យោង ៖ សេចក្តី សម្រេច លេខ ០៣៧ សសរ / ប.ស្ថ ចុះ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ ស្តីពីការបង្កើត អនុគណៈកម្មការបច្ចេកទេស ដើម្បីដោះស្រាយផលប៉ះពាល់ពាក់ព័ន្ធ នឹងទីតាំងសម្រាប់ គម្រោងអភិវឌ្ឍរោងចក្រ អគ្គិសនី ដុតធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន រ៉ូ យ៉ាល់គ្រុប ក្នុងតំបន់ឧទ្យានជាតិ បទុមសាគរ ខេត្តកោះកុង របស់ក្រសួងបរិស្ថាន ។
តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៥៨ គ្រួសារ ជ្រាបថា ៖ គណៈកម្មការបច្ចេកទេស ដើម្បីដោះស្រាយផលប៉ះពាល់ ពាក់ព័ន្ធនឹងទីតាំង សម្រាប់គម្រោងអភិវឌ្ឍ រោងចក្រអគ្គិសនី ដុត ធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងដោះស្រាយ សំណងគោលនយោបាយ ជូនប្រជាពលរដ្ឋទាំង ៥៨ គ្រួសារ ដែលមានក្បាលដី ពាក់ព័ន្ធនឹងទីតាំង គម្រោង សាងសង់រោងចក្រអគ្គិសនី ដុត ធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ ស្ថិតនៅឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង ។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក នៅក្នុងបរិវេណ វត្តថ្មស ។
រដ្ឋបាលសាលាខេត្ត ក៏បានបញ្ជាក់ផងដែរថា ក្នុងដំណើរការដោះស្រាយនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនចូលរួម ក្នុងការដោះស្រាយនេះទេ គណៈកម្មការបច្ចេកទេស ដើម្បីដោះស្រាយ ផលប៉ះពាល់ពាក់ព័ន្ធ នឹងទីតាំងសម្រាប់គម្រោងអភិវឌ្ឍ រោងចក្រអគ្គិសនី ដុត ធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ មិន ទទួលខុសត្រូវ ក្នុងការបាត់បង់ផលប្រយោជន៍ របស់បងប្អូនឡើយ ។ អាស្រ័យហេតុនេះ សូមបងប្អូន ប្រជាពលរដ្ឋ ទាំង ៥៨ គ្រួសារ ចូលរួមកុំបីខាន ។
កិច្ចប្រជុំនេះ ក៏នឹងមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូ យ៉ាល់គ្រុប ផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ