(ភ្នំពេញ) ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានថ្លែងថា នៅខែសីហា ឆ្នាំ២០២០ ខាងមុខក្រសួងនឹងចេញបណ្ណបើកបរអន្ដរជាតិ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរងាយស្រួល ធ្វើដំណើរទៅប្រទេសជិតខាង។
ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រសួងនឹងចេញចេញបណ្ណបើកបរអន្តរជាតិ បណ្ដោះអាសន្ន សម្រាប់ជាតម្រូវ ការរបស់ពលរដ្ឋ ដែលត្រូវទៅក្រៅប្រទេស ជាពិសេស ប្រទេសជិតខាង។
លោកមានប្រសាសន៍ថា «ខែកក្កដា ឬខែសីហា ឆ្នាំនេះ យើងនឹងចេញបណ្ណបើកបរអន្ដរជាតិ ដោយសារយើងទៅប្រទេសគេ បើឡានអត់បានមានបណ្ណបើកបរខ្មែរ ។ ដូច្នេះយើងជាសមាជិក អង្គការសហប្រជាជាតិ អីចឹងយើងអាចចេញបណ្ណបើកបរអន្ដរជាតិ»។
លោករៀបរាប់ថា ក្រសួងនឹងរៀបចំបណ្ណបើកបរ ជាប្រភេទ A B C ដោយបោះត្រា តាមប្រភេទដែលអ្នកបើកបរស្នើសុំ។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីសាធារណការ កំពុងពិចារណាបិទរថភ្លើងពីស្ថានីយ៍ទៅព្រលានយន្ដហោះ ក្រោមហេតុផលថា គ្មានមនុស្សជិះ និងជួបគ្រោះថ្នាក់ ចរាចរណ៍។
រដ្ឋមន្ដ្រីសាធារណការ បញ្ជាក់ថា «យើងខ្ញុំនឹងពិចារណាតើគួរតែបិទ បើអាចបិទបាន បិទទៅដោយគ្មានអ្នកជិះ ហើយអាចបង្កគ្រោះថ្នាក់ចរាចតណ៍តាមផ្លូវ ហ្នឹងផង»៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ