(ម៉ូស្គូ)៖ អ្នកជំនាញជាន់ខ្ពស់ខាងអភិវឌ្ឍគ្រាប់រ៉ុក្កែត និងយានអវកាសនៃក្រុមហ៊ុន អ៊ែណឺជា រ៉ុក្កែត អ៊ែន ស្ពេស (Energia Rocket and Space) របស់ប្រទេសរុស្ស៊ី លោក យ៉េវហ្គេនី មីករីន (Yevgeny Mikrin) បានបាត់បង់ជីវិតហើយនៅអាយុ ៦៥ឆ្នាំ ដោយសារជំងឺ កូវីដ១៩ ដែលកំពុងរាតត្បាតស្ទើរពាសពេញប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ( the-latest.news) ថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។
លោក Yevgeny Mikrin អ្នកវិទ្យាសាស្ត្រកំពូលម្នាក់នៅពីក្រោយកម្មវិធីយានអវកាសដឹកនាំដោយប្រទេសរុស្ស៊ី និងជាអ្នកចូលរួមចំណែកក្នុងការរចនាស្ថានីយ៍អវកាសអន្ដរជាតិបានទទួលមរណភាពទៅនឹងវីរុសនេះនៅក្នុងមន្ទីរពេទ្យមូស្គូ។សេចក្តីប្រកាសអំពីមរណភាពរបស់លោក Yevgeny Mikrin ត្រូវបានធ្វើឡើងដោយអង្គការអវកាសរុស្ស៊ី (Roscosmos) នៅក្នុងថ្ងៃអង្គារនេះតែម្តង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការ Roscosmos បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការលាចាករបស់លោក Mikrin ដែលជាអ្នកវិទ្យាសាស្ត្រផ្នែកមេកានិក និងដំណើរការគ្រប់គ្រងនានា គឺជាការបាត់បង់ដែលមិនអាចជំនួសវិញបានឡើយ សម្រាប់ឧស្សាហកម្មអវកាស និងគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី។សូមរំលឹកថាគូររំលឹកថា លោក Yevgeny Mikrin ត្រូវបានសារព័ត៌មានក្នុងស្រុករុស្ស៊ីចេញផ្សាយ កាលពីអំឡុងខែមេសា កន្លងទៅនេះថា បានឆ្លងវីរុសកូរ៉ូណាថ្មី។
លោក Yevgeny Mikrin ត្រូវបានគេដឹងថា បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅជាយរដ្ឋធានីម៉ូស្គូ បន្ទាប់ពីលោកត្រូវធ្វើតេស្តពីរលើក និងចេញលទ្ធផលវិជ្ជមាន ចំពោះ COVID-19 កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ សម្រាប់សកម្មភាពចុងក្រោយគឺលោក Mikrin បានទៅបំពេញទស្សនកិច្ចនៅមូលដ្ឋានបាញ់គ្រាប់រ៉ុក្កែត បៃកូនួ ខូស្មូដ្រូម (Baikonur Cosmodrome) ស្ថិតនៅប្រទេសកាហ្សាក់ស្ថាន ដើម្បីពិនិត្យមើលការបាញ់បង្ហោះយាន សូយ៉ូស MS-16 (Soyuz MS-16) ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ។
តាមរបាយការណ៍របស់អង្គការឃ្លាំមើលសុខុមាលភាពរបស់រុស្ស៊ី ដែលបានចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញនេះ បច្ចុប្បន្នប្រជាជនរុស្ស៊ីចំនួន២២២,៥១០នាក់កំពុងស្ថិតក្រោមការឃ្លាំមើលតាមបែបវេជ្ជសាស្រ្ត រីឯអ្នកដែលបានធ្វើតេស្តរកជំងឺ កូវីដ១៩ នៅទូទាំងប្រទេសរុស្ស៉ី តាមមន្ទីរពិសោធន៍ បានកើនដល់៤,៤លាននាក់ និងអ្នកស្លាប់សរុប១,៤៥១នាក់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ