(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅព្រឹកទាបភ្លឺថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ ក្នុងភោជនីយដ្ឋាន ហេបភីណេស ផ្ទះលេខ៨៥ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ឈ្មោះ ហូ មិនា ហៅ(DJ MINI )ស្នាក់នៅផ្ទះលេខ៤៣H ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មុខរបរអ្នកចាក់ភ្លេង (DJ)។ សមត្ថកិច្ចបញ្ជាក់ថា សម្ភារលើខ្លួនជនរងគ្រោះរួមមាន៖ កាបូបសម្រាប់ដាក់លុយ ចំនួន០១, លុយដុល្លារ ចំនួន៨៥ដុល្លារ, អត្តសញ្ញាណប័ណ្ណ ចំនួន០១សន្លឹក, ប័ណ្ណបើកបរ ចំនួន០១សន្លឹក, កាតATM ចំនួន០២សន្លឹក, ទូរស័ព្ទដៃ ចំនួន០២គ្រឿង, ម៉ូតូម៉ាក Honda PCX ចំនួន០១គ្រឿង, កងដៃ និងនាឡិកាមួយ ហើយបានប្រគល់ឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងរាំង ដើម្បីរក្សាទុក។
DJ Deny Black ដែលជាអ្នកចងក្រងក្រុមអ្នកធ្វើការMC DJ បានសម្ដែងការសោកស្ដាយជាខ្លាំង ក្រោយពេលដែលបានបាត់បង់អ្នករួមអាជីព្វ ដ៏ដូចជាប្អូនបានសរសេររៀបរាប់លើបណ្ដាញសង្គមថា«ចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ចំពោះគ្រួសារនៃសព DJ MINI »

ក្រោយពីពិនិត្យរួចការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ដ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់សពឲ្យទៅសាច់ញាតិ យកទៅបុណ្យនៅវត្តបទុមសាគរ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ បច្ចុប្បន្នផែនជំនាញខណ្ឌ និងប៉ុស្ដិ៍កំពុងបន្តនិតិវិធីស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណជនដៃដល់។

បុគ្គលិកក្នុងហេតុដែលបានឃើញហេតុការណ៍នេះ បានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងបុរសម្នាក់ទៀត ដែលជាជនដៃដល់ បានជិះរថយន្តមកជាមួយគ្នា ដើម្បីហូបស៊ុប ពេលជិតមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន ឯជនដៃដល់ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។ បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរចូលក្នុងហាង និងទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះអង្គុយស្លាប់លើតុ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ