(កែប)៖ នៅវេលាម៉ោង៩៖៥០ យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះទៅដល់ទីតាំងបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែបហើយ ដើម្បីដឹកនាំប្រតិបត្តិការរុករងជនរងគ្រោះ ដែលជាប់នៅក្នុងគំនរអគារ។

សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា អាចត្រូវបានជាប់គាំងក្នុងគំនរអគារនេះ។

អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលរលំបាក់នាពេលនេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

គិតម៉ោង៩៖០០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងនោះជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ