(សៀមរាប) ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គឺជាបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីបុរាណកាលមក។ ព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធព្រះរាជពិធីបុណ្យនេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីថែរក្សាប្រពៃណី វប្បធម៌ ទំនៀមទំលាប់ដ៏ល្អផូផង់របស់ជាតិឲ្យនៅគង់វង្ស និងម្យ៉ាងទៀតដើម្បីបង្កើតបរិយាកាលសប្បាយរីករាយអធិកអធមជួបជុំគ្នាក្នុងរង្វង់គ្រួសារខ្មែរតែមួយ។

ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ១១ និងថ្ងៃទី១២ ខែវិច្ចិកាឆ្នាំ២០១៩នេះ គ្រប់បណ្តាខេត្ត-ក្រុង ទូទាំងប្រទេស បានបញ្ចូលទូកជាច្រើនមកចូលរួមប្រណាំងនៅលើផ្ទៃទឹកទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីឲ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ បានទស្សនាកំសាន្ត។

ជាមួយគ្នានោះដែរ ទូក-ង មានឈ្មោះថា តេជះនាគសរ មហាកោសាបារមីអង្គរ ដែលជាទូកស្ថិតក្រោមការគាំទ្រឧបត្ថម្ភទាំងស្រុងពីលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុន ហេង អភិវឌ្ឍន៌ និងស្ថិតក្រោមការគ្រប់គ្រងរបស់វត្តព្រះឥន្ទកោសា នៅក្នុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែវិច្ចិកា ឆ្នាំ២០១៩នេះ ត្រូវបានរៀបចំពីធីក្រុងពាលី និងប្រោះព្រំដើម្បីត្រៀមរៀបចំចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ ក្នុងឪកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះពញរះខែ និងអកអំបុក និងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្នុងពិធីនោះដែរ លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុន ហេង អភិវឌ្ឍន៌ បានប្រគល់កញ្ចប់ថវិកា១០លានរៀល សម្រាប់ជំហ៊ានដំបូងជាតិការលើកទឹកចិត្ត ព្រមទាំងអង្ករ មី ភេសជ្ជះ គ្រឿងឧបភោគបរិភោគ និងសំភារប្រើប្រាស់ផ្សេងៗ ដូចជា មួក ខោអាវ៣កំប្លេរ ដល់កីឡាករក្នុងម្នាក់ ដែលសរុបក្នុងមួយទូក-ង មានចំនុះ៧៥នាក់ ទុកសម្រាប់ចាត់ចែងបំពេញតំរូវការផ្សេងៗ ក្នុងអំឡុងពេលប្រណាំងទូករយះពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកផងដែរ។

លោកជំទាវឧកញ៉ាបណ្ឌិត មានប្រសាសន៌បន្ថែមថា ដើម្បីធានាឲ្យដំណើរការនៃការចូលមករួមប្រណាំងទូកប្រព្រឹត្តទៅដោយរលូន ក៏ដូចជាលើកទឹកចិត្តដល់កីឡាករទូក-ង ឲ្យបង្កើនការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជំនះ។ ក្នុងនោះដែរ លោកជំទាវឧកញ៉ាបណ្ឌិត ក័បានផ្តល់ការជួយជ្រោមជ្រែងជាកន្លែងស្នាក់នៅ ហូបចុក របស់កីឡាករចំណុះទូក-ង ព្រមទាំងឲ្យក្រុមកីឡាករពិនិត្យសុខភាពជាប្រចាំផងដែរ សំដៅធ្វើយ៉ាងណាឲ្យកីឡាករទូក ង ទាំងអស់មានសុខភាពល្អ កំលាំងមាំមួន ដើម្បីឈានទៅដណ្តើមជ័យលាភីក្នុងការប្រកួត។
លោកជំទាវឧកញ៉ាបណ្ឌិត ក័បានណែនាំដល់ក្រុមកីឡាករចំណុះទូក-ង ទាំងអស់ ត្រូវចេះសាមគ្គីផ្ទៃក្នុង អាធ្យាស្រ័យគ្នាទៅវិញទៅមកឲ្យបានល្អ និងខិតខំប្រកួតឲ្យអស់ពីសមត្ថភាព។

ប៉ុន្តែទោះជាយ៉ាងណាក្តី កីឡាប្រណាំងទូក គីជាកីឡាប្រពៃណី ដែលបុព្វបុរសខ្មែរយើងបង្កើតឡើង ដើម្បីរំលឹកពីវិរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកកម្ពុជា តាំងពីបុរាណកាលមក ដែលបានយកឈ្នះលើសត្រូវឈ្លានពាន ហើយបច្ចុប្បន្នការប្រណាំងទូក ក្នុងឪកាសព្រះរាជពិធីបុណ្យអុំទូក គឺដើម្បីបង្ហាញពីវប្បធម៌ទំនៀមទំលាប់របស់ខ្មែរ ដល់ភ្ញៀវជាតិ-អន្តរជាតិប្រណាំងទូក ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងការកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក្នុងរង្វង់គ្រួសារខ្មែរតែមួយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ