(ភ្នំពេញ) ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ដែលបានធ្វើឡើងនៅកោះពេជ្រ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១ តុលា ២០១៩នេះ មានប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងជាសំណើ និងសំណូមពរ ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយជូនពួកគាត់ ហើយសំណើ និងសំណូមពរទាំងនោះ ភាគច្រើនផ្តោតលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

វេទិកានេះ បានធ្វើឡើងក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា មន្ត្រីចំណុះអោយរដ្ឋបាលរាជធានី ព្រមទាំងប្រជាពលរដ្ឋរាប់រយនាក់។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នាពេលនេះ គឺជាការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងអនុក្រឹត្យលេខ២១៥ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឲ្យក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានាក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗនិងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមសង្កាត់នានាក្នុងអំឡុងខែមិថុនា រៀងរាល់ឆ្នាំ ។

លោកបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកំពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការ ពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយនិងឆ្លើយតប ។ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ម្យ៉ាងទៀត ក្រុមប្រឹក្សារាជធានីភ្នំពេញមានគោលបំណងជំរុញ នូវប្បធម៌ នៃការពិភាក្សានិងលើកកំពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ។

លោកបន្តថា រាល់សំណើ និង​សំណូមពរ ដែលបងប្អូនបានដាក់ជូនក្រុមរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨កន្លងមក គឺក្រុមប្រឹក្សាបានចាត់ឲ្យគណៈអភិបាល ធ្វើការដោះស្រាយជាបន្តបន្ទាប់ និងសំណូមពរមួយចំនួន ដែលពាក់ព័ន្ធនឹងថវិកាអភិវឌ្ឍរបស់រាជធានី ខណ្ឌនោះក្រុមប្រឹក្សារាជធានីបានចាត់ឲ្យមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ដាក់បញ្ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ ហើយនឹងបានធ្វើការដោះស្រាយជូនជាបន្តបន្ទាប់តាមគម្រោងទាំងនោះ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលរាជធានីជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នាដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សា អំពីអាទិភាពនៃការអភិវឌ្ឍន៍រាជធានីប្រកបដោយចីរភាព តម្លាភាព និងប្រសិទ្ធភាព។

គួរបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើ និងសំណូមពរជាច្រើន ក្នុងនោះរួមមានការជម្រុញអោយអាជ្ញាធរដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ដោយសារតែរាល់ពេលភ្លៀងម្តងៗលំនៅដ្ឋានរបស់ពួកគាត់ទទួលរងការលិចលង់។អោយជួយដោះស្រាយបញ្ហាដែលក្រុមហ៊ុនស៊ីនទ្រីប្រមូលសំរាមមិនអស់និងមិនទៀងពេល ។ការជម្រុញអោយកាត់មែកឈើដែលបាំងបង្គោលភ្លើង ការជម្រុញអោយមានវិធានការក្តៅក្នុងការលប់បំបាត់គ្រឿងញៀននៅក្នុងមូលដ្ឋាននិងសូមអោយប្រជាពលរដ្ឋទូទៅ បងប្អូនអាជីវករចូលរួមគោរពទង់ជាតិនៅរាល់ម៉ោង៧ព្រឹកគ្រប់គ្នានិងគ្រប់កន្លែង។

អាជ្ញាធររាជធានីបានបញ្ជាក់ថា រាល់សំណើ និងសំណូមពររបស់បងប្អូន ក្នុងនាមរដ្ឋបាលរាជធានីដាច់ខាតត្រូវធ្វើជូន ពោលគឺបើជួយបានយើងជួយភ្លាម តែបើសំណើរ សំណូមពររបស់បងប្អូន ហួសពីសមត្ថភាព អាជ្ញាធរនឹងរាយការណ៏ជូនថ្នាក់លើ ដើម្បីថ្នាក់លើជួយបន្តទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ