(ភ្នំពេញ) ៖ បន្ទាប់ពីវិស្សមកាលរយៈពេលបីខែមក រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានសម្រេចរបៀបវារៈសម្រាប់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ចំនួន៧ ដែលមាន៖ ១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦។ ២-របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៦។ ៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី។ ៤-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី សំណង់។ ៥-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ៦-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ ៧-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ