(ភ្នំពេញ)៖ រដ្ឋសភាបានប្រកាសថា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាប្រជាជនចិន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ ស្តីពី ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ តាមប្រព័ន្ធវីដេអូ នៅវេលាម៉ោង ១៤:០០ នាទីរសៀល នាថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។
សេចក្តីប្រកាស លើកឡើងថា ប្រធានរដ្ឋសភាកម្ពុជា និងប្រធានសភាចិន នឹងអញ្ជើញថ្លែងសន្ទរកថាគន្លឹះ នៅក្នុងឱកាសបើកកិច្ចប្រជុំ បន្ទាប់មកសមភាគីទាំងពីរ នឹងផ្តល់វេទិកាជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អមដោយគណៈកម្មការជំនាញ ចំនួន ៤ របស់រដ្ឋសភា។ ចំណែកគណៈប្រតិភូជាន់ខ្ពស់សភាប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ ឯកឧត្តម ចាន់ ឈុនស៊ាន អនុប្រធានសភាចិន អមដោយគណៈកម្មាធិការជំនាញ ចំនួន ៤ របស់សភាប្រជាជនចិនទូទាំងប្រទេស ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនយោបល់ និងការចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក លើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលមានដូចជា៖ ការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងនឹងរោគរាតត្បាត ការស្តារសេដ្ឋកិច្ចនាដំណាក់កាលក្រោយរោគរាលដាល ស្ថានភាពអន្តរជាតិ និងក្នុងតំបន់។
សេចក្តីប្រកាស គូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា និងសភាចិន មានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួតទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលកន្លងមក សភាប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត និងបានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានាជាប្រចាំផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ