ព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៣នាក់ ក្នុងករណីឃាតកម្មវាយបំបាក់កជនជាតិចិនម្នាក់ ហើយយកសាកសពដាក់ក្នុងរថយន្ដHighlander។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យថា កាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានទទួលព័ត៌មានពីការប្រទះឃើញសាកសពក្នុងរថយន្ដHighlander ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AC-3012 ចតទុកចោលនៅបណ្ដោយវិថីលេខ៨៣៥ ម្ដុំគោលដៅP12 ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ ក្រោយពេលពិនិត្យ និងកោសល្យវិច័យ ជាលទ្ធផល សពភេទប្រុស ជាជនជាតិចិន (មិនស្គាល់អត្ដសញ្ញាណ) ស្លាប់ ដោយករណីឃាតកម្ម(បាក់កស្លាប់) ។
នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ LI FENG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ជាសន្ដិសុខកាស៊ីណូជៀវឡុងជូរ ស្នាក់នៅកាស៊ីណូជៀវឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ខណៈពេលជននេះ រួមនឹងបក្ខពួកបម្រុងគេចខ្លួនពីកន្លែងស្នាក់នៅ ។ ក្រោយពេលសាកសួរ និងតាមការចង្អុលបង្ហាញពីសាក្សី ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ នៅកាស៊ីណូជៀវឡុងជូរ ដោយរូបគេនិងបក្ខពួកបានយកសាកសពចុះពីជាន់លើនៃកាស៊ីណូ ចុះមកក្រោមដាក់ចូលក្នុងរថយន្ដម៉ាក Highlander ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AC-3012 យកទៅប្លុងចោល ។
នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ បន្ដប្រតិបត្ដិការ ដោយមានការដឹកនាំ និងសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅកាន់ទីតាំងកាស៊ីណូជៀវឡុងជូរ(កន្លែងកើតហេតុ) ។
ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ក្នុងករណីនេះសរុបចំនួន៣នាក់ ជនជាតិចិន៣នាក់ (ស្រី១) ។
សម្ភារវត្ថុតាងចាប់ដកហូតបានរួមមាន៖ -រថយន្ដ១គ្រឿងម៉ាក Highlander ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AC-3012 (មធ្យោបាយធ្វើសកម្មភាព) -ក្បាលឌីវីអ័រ ចំនួន២គ្រឿង (មានលេខ៖E24204346 និងលេខ៖E2420304) -ហាតឌីស ចំនួន១គ្រឿង មានលេខ៖ZGY6KRV4 ។ -ទូរស័ព្ទដៃចំនួន ៣គ្រឿង -លិខិតឆ្លងដែនចំនួន ២ក្បាល(លេខ៖G53041257 និងលេខ៖EH1515086)
-កាបូបស្ពាយពណ៌ខ្មៅ ចំនួន១ -រថយន្ដ១គ្រឿងស្ដារិក ពណ៌ខ្មៅ ពាក់ផ្លាកលេខ៖ភ្នំពេញ2AZ-9280។
បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារវត្ថុតាង សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការបន្ដតាមផ្លូវច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ