(ភ្នំពេញ) ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានចេញសេចក្ដីជូនដំណឹងមួយ ដើម្បីរំលឹកបន្ថែមអំពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមបណ្ដារោងចក្រ សហគ្រាសនានា។
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានលើកឡើងថា ដើម្បីបន្តបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅតាមបណ្ដារោងចក្រ សហគ្រាសនានា ក្រសួងសូមរំលឹកសារជាថ្មីម្ដងទៀតដល់ម្ចាស់រោងចក្រ សហគ្រាសជាពិសេសរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវបន្តអនុវត្តឲ្យបានត្រឹមត្រូវតាមសេចក្ដីណែនាំ របស់ក្រសួងលេខ០០៤/២០ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ដីពីការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩នៅតាមរោងចក្រ សហគ្រាស និងតាមសេចក្ដីណែនាំនានារបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩៕