(ភ្នំពេញ) ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា ពលករខ្មែរម្នាក់ឈ្មោះ វ៉ាន់ ឡុន ដែលបានជួប ឧបទ្ទវហេតុផ្ទុះធុងហ្គាសនៅលើទូកនេសាទ បណ្តាលឱ្យលិចក្នុងសមុទ្រ ទទួលបានការជួយសង្រោ្គះ និងការយកចិត្តទុកដាក់ពីស្ថានទូត ហើយបច្ចុប្បន្ន គាត់មានសុខភាពល្អធម្មតា។
យោងតាម គេហទំព័រ ហ្វេសប៊ុក ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះមកស្រុកមឿង ខេត្តរ៉ាក់យ៉ង ដើម្បីជួបសួរសុខទុក្ខពលករខ្មែរឈ្មោះ វ៉ាន់ ឡុន ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ដែលបានជួបឧបទ្ទវហេតុផ្ទុះធុងហ្គាសនៅលើទូកនេសាទបណ្តាលឱ្យលិច ក្នុងសមុទ្រកាលពី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។
ប្រភព ដដែល បន្ដថា គាត់បានបណ្តែតខ្លួននៅលើសមុទ្ររយៈពេល ៤ថ្ងៃ ដោយប្រើប្រាស់គម្របធុងក្លាសេទឹកក ដែលបានយកជាប់ខ្លួន បន្ទាប់មកត្រូវបានជួយសង្គ្រោះនិងបញ្ជូនទៅកាន់មន្ទីរពេទ្យនៅ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយនៅលើដងខ្លួន មានស្នាមរបួស ដោយសារភ្លើងរលាកនិងត្រីខាំ ជាច្រើនកន្លែង។
ទន្ទឹមនេះ ស្ថានទូត បានពាំនាំគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភដល់រូបគាត់ ព្រមទាំងទាមទារអត្ថប្រយោជន៍ផ្សេងៗ ពីនិយោជកដល់រូបគាត់ផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ