(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ជំងឺរាតត្បាតសកលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះ គឺកំពុងបង្កឲ្យបញ្ហាសម្រាប់សហរដ្ឋអាមេរិក អាក្រក់ជាងបញ្ហា ភាលហាប៊ឺ (Pearl Habor) និងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញានោះទៅទៀត។នេះបើតាមការផ្សាយរបស់សារព័ត៌មានChannelNewsAsia នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។
នៅថ្ងៃពុធម្សិលមិញនេះ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននានា នៅសេតវិមានថា នេះជាគឺជាការវាយប្រហារដ៏អាក្រក់បំផុត ដែលយើងមិនធ្លាប់ជួបប្រទះ វាអាក្រក់ជាងបញ្ហា Pearl Harbor និងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទៅទៀត។
សូមរំលឹកថាការវាយប្រហាររបស់ប្រទេសជប៉ុន ទៅលើមូលដ្ឋានកងទ័ពPearl Harbor ស្ថិតលើកោះហាវ៉ៃ សហេដ្ឋអាមេរិក ឋិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក បានកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១ បានធ្វើឲ្យសហរដ្ឋអាមេរិកចូលប្រឡូកនៅក្នុងសង្គ្រាមលោកលើកទី ២។ដោយឡែកមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានបណ្តាលឲ្យអគារភ្លោះពាណិជ្ជកម្មពិភពលោកត្រូវដួលរលំ និងផ្តាច់ជីវិតមនុស្សជិត ៣,០០០នាក់។
សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧នេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងសហរដ្ឋអាមេរិក គឺបានកើនដល់ ១,២៦៣,០៩២ករណី ក្នុងនោះស្លាប់ ៧៤,៧៩៩នាក់ ខណៈជាសះស្បើយមាន ២១២,៩៨១នាក់ នៅតែបន្តឈរនៅលេខមួយក្នុងនាមជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយសារកូវីដ១៩ច្រើនបំផុតនៅលើពិភពលោក៕
ផ្ទះ ព័ត៌មានអន្តរជាតិ ដូណាល់ត្រាំ៖កូវីដ១៩អាក្រក់ជាងមហាភេរវកម្ម១១កញ្ញា និងការវាយប្រហារលើPearl Harborដោយជប៉ុនទៅទៀត