ភ្នំពេញ ៖ ក្រុមហ៊ុន ហេងហាក់ម៉ុង ទទួលបានការ អនុញ្ញាតច្បាប់ វិនិយោគលើគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលើសពី ១០ហិកតា) នៅក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិ ព្រះមុនីវង្ស«បូកគោ» ឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត។ និងមិនបានពាក់ព័ន្ធក្នុងការ ឈូសឆាយ លើផ្ទៃដីអាស្រ័យផល របស់បងប្អូនប្រជាពលរដ្ឋនោះទេ។
ក្នុងនោះដែរភាគីខាងក្រុមក៏បានបញ្ជាក់ផងដែរថា ដោយយោងលើ លិខិតលេខ ៦២៩ ស.ណ.ប.ស្ថ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ របស់ក្រសួងបរិស្ថាន។ យោងចំណារ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។ រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍លើសំណើរបស់ក្រសួងបរិស្ថាន ដូចខាងក្រោម ៖ អនុញ្ញាតឱ្យក្រសួងបរិស្ថានពិនិត្យ និងសម្រេចលើសំណើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលើសពី ១០ហិកតា) នៅក្នុងតំបន់ការពារធម្មជាតិ។
ក្រុមហ៊ុន ហេងហាក់ម៉ុង ក៏បានបញ្ជាក់បន្ថែមថា យោងលិខិតលេខ ៥៥១ សជណ.កស ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្តី – លិខិលេខ ៤៣៤ សជណ ប.ស្ថ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ របស់ក្រសួងបរិស្ថាន ក្រសួងបរិស្ថានបានទទួលសំណើសុំសាងសង់ស្នាក់ការចាំដី ជួសជុលផ្លូវចូលទីតាំង (ផ្លូវដែលមានស្រាប់) និងតម្លើងស្លាកគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិ ព្រះមុនីវង្ស«បូកគោ» ឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត។
ក្រោយពីទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងបរិស្ថានតាមស្មារតីលិខិតលេខ ៤៣៤ សជណ.បស្ថ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក្នុងនោះខ្ញុំបាទ និងម្ចាស់គម្រោងផ្សេងទៀតទាំង១៧ បានសហការជាមួយក្រសួង មន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង សហគមន៍មូលដ្ឋាន (ព្រែកត្នោត) បានធ្វើការចុះកំណត់ព្រំតាមនិយាមការនៃផែនទីនិមួយៗ ដោយភ្ជាប់ព្រំគម្រោងទាំងអស់រួមគ្នាពីក្រោមរហូតដល់លើ និងបានបោះបង្គោលថ្មព្រំដីដោយមានបង្គោលមេទំហំ ៣០cm x ៤០cm និងបង្គោលរង ២០cm x ២០cm កំពស់១៣០cm ពីដីបានហើយរួចរាល់ជាស្ថាពរ។ ហើយលោកប្រធានមន្ទីរបរិស្ថានខេត្តកំពតក៏បានធ្វើរបាយការណ៍គោរពជូន ឯកឧត្តម រដ្ឋមន្រ្តី បានជ្រាប និងឯកភាពផងដែរអំពីលទ្ធផលបោះបង្គោលព្រំដីនេះ។ តែដំបូងឡើយខាងសហគមន៍ពុំសូវមានការពេញចិត្ត និងគម្រោងអភិវឌ្ឍន៍នេះប៉ុន្មានទេ ដោយពួកគាត់បានបារម្មណ៏ថាក្រុមហ៊ុនយកដីសហគមន៏របស់គាត់ ក្រុមហ៊ុនអភិវឌ្ឍធ្វើអោយបាត់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់ ក្រុមហ៊ុនមិនផ្ដល់ទីតាំងអោយពួកគាត់ប្រកបរបរប្រចាំថ្ងៃជាដើម។ល។ ប៉ុន្តែក្រោយពីបានជួបប្រជុំជាមួយខ្ញុំបាទ ក្រុមការងារបរិស្ថាន មន្ត្រីជំនាញបរិស្ថាន ប្រធានមន្ទីរ ពិសេសបានទទួលការណែនាំដោយផ្ទាល់ពី ឯកឧត្តម ខៀវ បូរិន ថាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍គម្រោងអេកូទេសចរណ៍ធម្មជាតិនេះ មានគោលបំណងច្បាស់លាស់ជួយដល់បងប្អូនប្រជាជនមូលដ្ឋានដូចជា៖
. មិនប៉ះពាល់ដីសហគមន៍នោះទេ ដោយគម្រោងនេះ នៅខាងលើផុតពីដីសហគមន៍
. ក្រុមហ៊ុនបានដកឃ្លាចំងាយប្រហែល ២០០m – ៣០០m ពីព្រំដីដែលជាកន្លែងធ្វើកញ្ចុះប្រកបអាជីវកម្មលក់ដូរ របស់ប្រជាពលរដ្ឋសហគមន៍ផងដែរ
. រាល់ឡានភ្ញៀវដែលចូលសម្រាកក្នុងតំបន់អេកូទេសចរណ៍របស់ក្រុមហ៊ុន គឺក្រុមហ៊ុនធានាបង់ជូនតាមតម្លៃសហគមន៍គិតថ្លៃឡានអោយ
. ក្រុមហ៊ុនជួយការពារការកាប់ទន្រ្ទានព្រៃខុសច្បាប់ រក្សាតំបន់បរិស្ថានធម្មជាតិរួមគ្នា
. ក្រុមហ៊ុនចំណាយដើមទន់យ៉ាងច្រើន ធ្វើផ្លូវ ជួសជុលផ្លូវចូលអោយបងប្អូនបានដើរទាំងអស់គ្នា
. ជួយបង្កើតចំណូលជូនបងប្អូនសហគមន៍ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយះការបំរើសេវាម្ហូបអាហារ បន្លែ ផ្លែឈើផងដែរ និងផ្តល់ការងារជូនបងប្អូនកូនចៅមូលដ្ឋានជាពិសេស
. បង្កើនចំណូលដល់សេដ្ឋកិច្ចជាតិក្នុងវិស័យទេសចរណ៍ធម្មជាតិ ដែលជាគោលដៅចំបងរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ផងដែរ
. រក្សាបាននូវសក្ដានុពលធម្មជាតិប្រកបដោយនិរន្តរភាព ចេរភាពផងដែរ
. រៀបចំប្រព័ន្ធទឹកស្អាត ភ្លើង និងបរិស្ថានស្អាតទាំងអស់គ្នា អោយមានអនាម័យផងដែរ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរណ៏ ជាតិ និងអន្តរជាតិ។
ដូច្នេះ ក្រុមហ៊ុន ហេងហាក់ម៉ុង សូមបញ្ជាក់ថា ក្រុមហ៊ុនទទួលបានច្បាប់ អនុញ្ញាត ពីក្រសួងបរិស្ថាន ក្នុងការវិនិយោគ លើគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលើសពី ១០ហិកតា) នៅក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិ ព្រះមុនីវង្ស«បូកគោ» ឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត និងមិនបានចូលទៅឈូសឆាយ ដីអាស្រ័យផល របស់ប្រជាពលរដ្ឋនោះទេ៕