ភ្នំពេញ ៖ តុលាការបានសម្រេចផ្តន្ទាទោសតារាសម្តែង និងពិធីករ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនមួយលានរៀល ចូលជាថវិការដ្ឋ ពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។ ហើយបង្គាប់ឲ្យឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឲ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន៦០លានរៀលនៅពេលសាលក្រមនេះចូលស្ថាពរ។ សាលក្រមនេះជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ចំពោះមុខមេធាវីតំណាងឲ្យដើមបណ្តឹង រដ្ឋប្បវេណី កំបាំងមុខជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ,ឈ្មោះ ង៉ាន់ ពិសី និងប្រកាសជាសាធារណៈ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ទុកសិទ្ធិឲ្យប្តឹងទាស់ និងប្តឹងឧទ្ទរណ៍តាមកំណត់ច្បាប់។

តុលាការបានទទួលបណ្ដឹង តាមដីកាបញ្ជូនរឿងមកជម្រះផ្ទាល់ លេខ១០១ អ.យ. ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបញ្ជូនជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ង៉ាន់ ពិសី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មកជំនុំជម្រះផ្ទាល់ ពីបទ បរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។ តាមចម្លើយរបស់ជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ថាខ្លួនទទួលស្គាល់បណ្ដឹងរបស់ឈ្មោះ គាន ណារិត ដែលបាន ប្តឹងខ្លួនពីបទ បរិហាបង្កាច់កេរ្តិ៍ ដោយដំបូងខ្លួនបានប្ដឹងទៅលើឈ្មោះ គាន ណារិត ពីបទ រំលោភលើទំនុកចិត្តដោយអភិបាល ដែលទាក់ទងនឹងការវិនិយោគលើគម្រោងគីឡូត៍ក្រុមហ៊ុនត្រសូល៍ ហើយក៏ត្រូវបានតំណាងអយ្យការតម្កល់រឿងទុកឥតចាត់ការ ផងដែរ ។

តាមចម្លើយរបស់ឈ្មោះ ង៉ាន់ ពិសី ថានៅក្នុងរឿងនេះដំបូងឡើយ ខ្លួនពិតជាប្តឹងឈ្មោះ គាន ណារិត ភេទប្រុស ពីបទ រំលោភលើទំនុកចិត្តដោយអភិបាល ដែលទាក់ទងនឹងការវិនិយោគលើគម្រោងដីឡូត៍ក្រុមហ៊ុនត្រសូល៍ ហើយក៏ត្រូវបានតំណាងអយ្យការតម្កល់ រឿងទុកឥតចាត់ការ ផងដែរ ។ ក្រោយមកក៏ត្រូវបានឈ្មោះ គាន ណារិត ភេទប្រុស ប្តឹងខ្លួនពីបទ បរិ ហាបង្កាច់កេរ្តិ៍ វិញ។ ផ្អែកតាមការសាកសួរដេញដោល និងឯកសារពាក់ព័ន្ធ ក៏ដូចជាចម្លើយសារភាពរបស់ជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ភេទប្រុស និងឈ្មោះ ង៉ាន់ ពិសី ភេទប្រុស ពិតជាបានធ្វើសកម្មភាពប្តឹងទៅលើឈ្មោះ គាន ណារិត ភេទប្រុស មកអយ្យការ អម សាលាដំបូងរាជធានីភ្នំពេញ ដោយខុសពីការពិត ហើយប្តឹងបរិហារអំពីអំពើដែលគេដឹងថាមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់ជនរងគ្រោះ យ៉ាងធ្ងន់ធ្ងរ ពិតប្រាកដមែន ។ ផ្អែកតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ .តាមមាត្រា ៣១១ បានចែងថា៖បទប្តឹងបរិហាបង្កាច់កេរ្តិ៍ . ការប្តឹងបរិហារបង្កាច់កេរ្តិ៍ គឺជាអំពើប្តឹងបរិហារអំពីអំពើដែលគេដឹងថាមិនពិត ហើយដែលនាំឲ្យមានទណ្ឌកម្មព្រហ្មទណ្ឌ ឬ វិន័យ កាលបើការប្តឹងបរិហារនេះ ត្រូវបានផ្ញើទៅដល់ៈ -អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការ ដូចជាចៅក្រម មន្ត្រីនគរបាលយុត្តិធម៌ ឬនិយោជក ឬ -បុគ្គលដែលមានអំណាចប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ។ .តាមមាត្រា ៣១២ បានចែងថា៖ ទោសដែលត្រូវអនុវត្ត និងលក្ខខណ្ឌ នៃការចោទប្រកាន់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពីការប្តឹងបរិហារបង្កាច់កេរ្តិ៍១០០០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន)រៀល ។ បណ្ដឹងអាជ្ញានៃបទល្មើសនេះ ផុតអាជ្ញាយុកាលក្នុងរយៈពេល ១ (មួយ) ឆ្នាំ ។

ចំណុចចាប់ផ្ដើមនៃអាជ្ញាយុកាលនេះ ត្រូវចាប់គិតពីថ្ងៃដែលបណ្តឹងបរិហារបង្កាច់កេរ្តិ៍ បានមកដល់ ឬ ថ្ងៃដែលពាក្យប្តឹងបានដាក់មកអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីដែលអំពើប្ដឹងបរិហារបង្កាច់កេរ្តិ៍នេះ នាំឲ្យមានការចោទប្រកាន់ខាងព្រហ្មទណ្ឌ នីតិវិធីដែលផ្តើមអំពីបទ ប្តឹងបរិហារបង្កាច់កេរ្តិ៍នោះ នាំឲ្យផ្អាកអាយុកាល រហូតដល់ពេលបញ្ចប់កិច្ចចោទប្រកាន់។ ជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ង៉ាន់ ពិសី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មាននីតិសម្បទាគ្រប់គ្រាន់ ដោយពុំមានសញ្ញាណណាមួយ ដែលនាំឲ្យមានមន្ទិលសង្ស័យថាជននេះ មានវិបល្លាស ស្មារតីក្នុងពេលប្រព្រឹត្តបទល្មើសទេ។ ជននេះមានការពិចារណាយល់ដឹងអំពីផលវិបាកកើតចេញពីអំពើរបស់ខ្លួនដែលស្ថិត នៅក្នុងលក្ខខណ្ឌនៃការទទួលខុសត្រូវព្រហ្មទណ្ឌ។ អំពើរបស់ជនជាប់ចោទធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ជនរងគ្រោះ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ អំពើនេះជាអំពើល្មើស ដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។ មានពិរុទ្ធភាពគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកលើឈ្មោះ ប៉ែន ចំរុង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ង៉ាន់ ពិសី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ពីបទ បរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១
បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ។ ៩-តំណាងអយ្យការ នៅតែរក្សាបទចោទប្រកាន់ដដែល គប្បីតុលាការពិនិត្យ និងសម្រេចសេចក្តី ។

លោក គីម សុជាតិ ជាមេធាវីការពារសិទ្ឋិ និងតំណាងឲ្យដើមបណ្តឹងឈ្មោះ គាន ណារិត ប្តឹងទាមទារ សំណងជំងឺចិត្តពីជនជាប់ចោទឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី ចំនួន ១០០.០០០(ដប់ម៉ឺន)ដុល្លារអាមេរិក។ គប្បី តុលាការពិនិត្យ និងសម្រេច ។

សូមបញ្ជាក់ថា ជាក្តីសម្រេចពីតុលាការ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ ប៉ែន ចំរុង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ (មានអត្តសញ្ញាណ ដូចខាងលើ) និង ឈ្មោះ ង៉ាន់ ពិសី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ (មានអត្តសញ្ញាណ ដូចខាងលើ) ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១០ខែ( ដប់ខែ ) និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន១.០០០.០០០( មួយលាន )រៀល ចូលជាថវិការដ្ឋ។

ពីបទ បរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ