ភ្នំពេញ ៖ ក្នុងការឡើងមកកាន់តំណែងជាអភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅរបស់លោកធឹម សំអាន បានរយៈពេលប្រមាណជា៣ខែមកនេះមានមន្ត្រីក្នុងតួនាទី និងមន្ត្រីជាប់កិច្ចសន្យាជាច្រើននាក់បានផ្លាស់ប្តូរចេញទៅតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ចំណែកមន្ត្រីជាប់កិច្ចសន្យាខ្លះត្រូវបានគេលុបឈ្មោះចោលតែម្តង ដែលអ្នកខ្លះធ្វើការមកប្រមាណជិត១០ឆ្នាំមកហើយ បានអស់ចិត្តក៍ឈប់ទៅ តែអ្នកខ្លះក៍មិនអស់ចិត្ត ដោយបានបង្ហោះនៅលើបណ្តាញសង្គមfacebook ស្វែងរកយុត្តិធម៌ទៀតផង។

បច្ចុប្បន្នមានមន្ត្រីជាច្រើនបានខ្សឹមខ្សៀវគ្នា អំពីការឡើងមកកាត់ដំណែង និងការគ្រប់គ្រង់របស់លោកធឹម សំអាន អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅថ្មីនេះ ថាពួកគេមិនដែលបានជួបទេកន្លងមក ដែលអភិបាលខណ្ឌបានយកសាលាខណ្ឌធ្វើជាផ្ទះរបស់ខ្លួន និយមបក្សពួក គម្រាមដកគេដកអែង បើទោះជាមន្ត្រីនោះជាមន្ត្រីជាប់កិច្ចសន្យា ឬមន្ត្រីក្របខណ្ឌដែលបម្រើការមកយូឆ្នាំហើយក៍ដោយនោះ។

មន្ត្រីខ្លះនិយាយថា គួរអោយអាណិតមន្ត្រីជាប់កិច្ចសន្យាម្នាក់ ត្រូវបានគេដកឈ្មោះចេញ ដែលគ្នាធ្លាប់បំរើការងាររដ្ឋបាលខណ្ឌព្រែកព្នៅរយៈពេល៨ឆ្នាំមកហើយនោះ ក៍ព្រោះតែគ្នាជួបគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលលោកអភិបាលខណ្ឌចាស់ ដែលលោកបានអនុញ្ញាតអោយគ្នាសម្រាក់ព្យាបាលជំងឺនៅផ្ទះ ដល់ពេលគ្នាបាទបានជាសះស្បើយហើយ រយៈពេលប្រមាណជា២ខែ បានចូលបំពេញការងារវិញស្រាប់តែមិនមានឈ្មោះនៅក្នុងរដ្ឋបាលខណ្ឌព្រែកព្នៅបច្ចុប្បន្ននេះឡើយ។

អ្នកខ្លះថា ពាក្យចាស់លោកពោលមិនខុសមែន បើមេស័ក្ត៣ កូនចៅស័ក្ត៥ឬផ្កាយ១ឯណោះ ព្រោះថាបច្ចប្បន្នជំនួយការលោកធឹម សំអាន ប្រមាណជា១០នាក់ និងមន្ត្រីដែលមកជាមួយលោកពីខណ្ឌបឹងកេងកងហាក់មានអំណាចខ្លាំង ដើរពើងទ្រូវមិសូវស្គាល់អ្នកណាឡើយ គឺពួកគេស្គាល់តែគ្នាគេប៉ុណ្ណោះ ហើយទង្វើបច្ចប្បន្នកំពង់តែចូលទៅដល់ពាក្យចាស់លោកពោលថា សត្វតូចស៊ីដោយតូច សត្វធំស៊ីដោយធំ ដែលគេជឿជាក់ថាលោកធឹម សំអាន អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅលោកមិនដឹងនោះ ព្រោះថាបើភ្លើងស្តុបមិនបើកភ្លើងខៀវ គឺគ្មានអ្នកណាហ៊ានធ្វើដំណើរទៅនោះទេ។ ទាក់ទងនិងបញ្ហានេះគេហទំព័រយើងមិនអាចទាក់ទងលោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានទេ ហើយគេហទំព័រយើងរងចាំបកស្រាយពីលោកអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ រាល់ម៉ោងធ្វើការ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ