ភ្នំពេញ ៖ ក្រុមអង្គការសង្គមស៊ីវិលបានដាក់ញ្ញត្តិតាមបណ្តាស្ថានទូតប្រទេសជាសមាជិកអាស៊ាន និងប្រទេសមហាអំណាច រួមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន ខណៈពេលដែលកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ការដាក់ញ្ញត្តិនេះ គឺផ្តោតលើការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ។ ហើយការដាក់ញ្ញត្តិនេះ ស្ថិតក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីឲ្យទៅដល់ថ្នាក់ដឹកនាំដែលមកចូលរួមប្រជុំកំពូលអាស៊ានបានដឹង។ ញ្ញត្តិដែលដាក់បានធ្វើឡើងតាមរយៈសារអេឡិចត្រូនិក ដោយមិនមានការដើរហែរក្បួនអ្វីនោះទេ។
កញ្ញា សេង រាសី ប្រធានអង្គការសីលការ និងជាប្រធានគណៈកម្មការរៀបចំវេទិកាប្រជាពលរដ្ឋអាស៊ាន ២០២២ បានបញ្ជាក់ប្រាប់សារព័ត៌មានថា សេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល បានស្នើសុំដល់រដ្ឋាភិបាលនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឱ្យរៀបចំគោលនយោបាយ និងចាត់វិធានការជាបន្ទាន់ ដើម្បីលើកកម្ពស់ដល់ការគោរពសិទ្ធិមនុស្ស និងសន្តិភាពក្នុងតំបន់។
កញ្ញាបន្តថា ក្រុមអង្គការសង្គមស៊ីវិលនៅតាមបណ្ដាប្រទេសនីមួយៗ បានដាក់ជូនសេចក្ដីថ្លែងការណ៍វេទិកាប្រជាពលរដ្ឋអាស៊ាននេះ ដល់ប្រទេសពួកគេតាមយន្តការរៀងៗខ្លួន ដោយឡែកក្រុមអង្គការសង្គមស៊ីវិលក៏បានដាក់ជូនសេចក្ដីថ្លែងការណ៍នេះទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតអូស្ត្រាលី តាមសារអេឡិចត្រូនិច ឬអ៊ីម៉ែលរួចរាល់ហើយ ហើយអង្គការសង្គមស៊ីវិលកំពុងត្រៀមផ្ញើជូនប្រទេសនានាដែលមានស្ថានទូតនៅកម្ពុជាដែរ។
កញ្ញា សេង រាសី ក៏ស្នើសុំឱ្យកិច្ចប្រជុំអាស៊ានត្រូវផ្ដល់ឱកាសដល់អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេមានឱកាសក្នុងការថ្លែងការណ៍ និងបង្ហាញពីសេចក្ដីត្រូវការរបស់ពួកគេ នៅចំពោះមុខប្រមុខថ្នាក់ដឹកនាំអាស៊ានទាំងអស់ ដើម្បីឱ្យស្របទៅនឹងពាក្យស្លោកនៃកិច្ចប្រជុំកំពូលអាស៊ានថា ដោះស្រាយបញ្ហាប្រឈមរួមគ្នា និងគិតគូរពីផលប្រយោជន៍ប្រជាពលរដ្ឋជាចម្បង៖ «យើងពិតជាចង់ឃើញមានអត្ថន័យរវាងអាស៊ាន ក៏ដូចជារដ្ឋភាគីហ្នឹង ជាមួយហ្នឹងអង្គការសង្គមស៊ីវិល ជាពិសេសការរៀបចំវេទិកាប្រជាពលរដ្ឋអាស៊ានហ្នឹង គឺមានការជជែកគ្នាជួបមុខផ្ទាល់តែម្ដង ដើម្បីឱ្យមានឱកាសក្នុងការលើកឡើងអំពីបញ្ហាហ្នឹងជាមួយគ្នាទៅវិញទៅមក។ បើសិនជាយើងអត់មានឱកាសក្នុងការជជែកជាមួយគ្នាទេ គឺជាការខាតប្រយោជន៍ធំក្នុងកិច្ចប្រជុំនានារបស់អាស៊ាន មិនថានៅក្នុងក្របខ័ណ្ឌណាមួយក៏ដោយ»។
កញ្ញា សេង រាសី បញ្ជាក់ថា សាធារណៈជន និងរដ្ឋាភិបាលនៅតែអាចប្រើប្រាស់សេចក្ដីថ្លែងការណ៍នេះ ដោះស្រាយបញ្ហាក្នុងតំបន់គ្រប់ពេល ទោះបីជាកិច្ចប្រជុំអាស៊ាននឹងបញ្ចប់ហើយយ៉ាងណាក្ដី ព្រោះសេចក្ដីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយទទួលយកធាតុចូលពីប្រជាពលរដ្ឋតាមសហគមន៍មកពីប្រទេសផ្សេងៗគ្នាក្នុងតំបន់អាស៊ាន៕