ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២២នេះ ខេស៊ី គ្រុប បានប្រារព្ធពិធី សម្ភោធជាផ្លូវការនូវផ្សារទំនើប ខេស៊ី អ៊ិចប្រេស (KC Express) ក្រោមអធិបតី លោក ឃិត ឈឿន អគ្គនាយកនៃក្រុមហ៊ុនខេស៊ីគ្រុប ។ ផ្សារទំនើប ខេស៊ី អ៊ិចប្រេស ផ្តល់ជូនអតិថិជននូវផលិតផលគុណភាពខ្ពស់ និងតម្លៃសមរម្យ មានដាក់តាំងលក់ផលិតផលគ្រឿងបរិភោគ និងឧបភោគជាច្រើនប្រភេទ សម្រាប់ជា តម្រូវការបរិភោគប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជន ដែលរស់នៅជុំវិញតំបន់ផ្សារខេស៊ី ក៏ដូចជា អតិថិ ជនទូទាំងខេត្តក្រុង ដែលមានតម្រូវការចំពោះផលិតផលទាំងឡាយ។

ដើម្បីអបអរ សាទរការបើកដំណើរការជាផ្លូវការនូវផ្សារទំនើប ខេស៊ី អ៊ិចប្រេស នេះដែរ អ្នកស្រី ឃិត យាន អគ្គនា យិកានៃក្រុមហ៊ុន យានមង្គល ឯ.ក ក៏បានណែនាំនូវផលិតផលល្មើរថ្មី ដែលមានវត្តមានដំបូងគ នៅកម្ពុជា ក្នុងនោះមាន ទឹកល្មើរសូដា ភេសជ្ជៈប៉ូវកម្លាំងល្មើរ ទឹកល្មើរសុទ្ធ និងដំណាប់ល្មើរ ដែល ផលិតផលសុខភាពទាំងនេះ នាំចូលផ្តាច់មុខ ពីប្រទេសថៃ ដោយក្រុមហ៊ុន យានមង្គល ឯក។

ថ្លែងសំណេះសំណាល នៅក្នុងកម្មវិធីសម្ភោធនេះ លោក ឃិត ឈឿន បានមានប្រសាសន៍ ថា៖ “ការស្ថាបនា ផ្សារទំនើប ខេស៊ី អ៊ិចប្រេស នេះឡើង ក្នុងគោលបំណង ដើម្បីបង្កភាពងាយស្រួល ដល់អតិថិជនគ្រប់រូបក្នុងតំបន់ផ្សារខេស៊ី ដែលមានតម្រូវការនូវគ្រឿងបរិភោគ និងឧបភោគប្រចាំថ្ងៃ ហើយមិនចង់ធ្វើដំណើរឆ្ងាយ។ ដើម្បីឱ្យអតិថិជន ទទួលបានផលិតផលគុណភាពល្អឱ្យសមនឹង តម្លៃ ដែលគាត់បានចំណាយ យើងនាំយកតែផលិតផលគុណភាពខ្ពស់រាប់ពាន់មុខ មកដាក់តាំង លក់ជូនពួកគាត់”។

លោកបានមានប្រសាសន៍បន្ថែមថា៖ “ យើងមានបេសកម្មជាចំបង ដើម្បីផ្តល់ជូនអតិថិជនរបស់ យើងនូវផលិតផលគុណភាពខ្ពស់ និងតម្លៃសមរម្យ ដូច្នេះ យើងយកចិត្តខ្លាំងបំផុត ទៅលើផ្នែកសំខាន់ៗដូចជា(១) ជ្រើសរើសសម្រិតសម្រាំងផលិតផលបន្លែផ្លែឈើសរីរាង្គក្នុងស្រុក ដើម្បីធានាបាននូវ អាហារសុខភាពសម្រាប់អតិថិជនរបស់យើង,(២) ត្រួតពិនិត្យគុណភាពយ៉ាងផ្ចិតផ្ចង់ មុននឹងដាក់ លក់ជូនអតិថិជន, (៣) រៀបចំទុកដាក់ផលិតផលយ៉ាងត្រឹមត្រូវ ស្របតាមមាត្រដ្ឋានកំណត់ដោយស្ថាប័នពាក់ព័ន្ធ, (៤) រក្សាអនាម័យខ្ពស់ចំពោះផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដើម្បីធានាបាននូវ សុវត្ថិភាពខ្ពស់បំផុត, (៥)រៀបចំរចនាសម្ព័ន្ធផ្តល់សេវាកម្មរួសរាយរាក់ទាក់ និងរហ័សទាន់ចិត្តដល់ អតិថិជន, (៦)មានចម្ការដំណាំបន្លែផ្លែឈើផ្ទាល់ខ្លួន ដែលដាំដុះប្រកបដោយបច្ចេកទេសខ្ពស់ និង គ្មានជាតិគីមី, (៧) ផ្តល់ជូនគុណភាពផលិតផល ឱ្យសមនឹងតម្លៃ ដែលអតិថិជនចំណាយ”។

ឆ្លៀតក្នុងឱកាសនោះផងដែរ អ្នកស្រី ឃិត យាន អគ្គនាយិកា នៃក្រុមហ៊ុន យានមង្គល ឯ.ក បានមានប្រសាសន៍ថា៖ ផ្សារទំនើប ខេស៊ី អ៊ិចប្រេស ក៏ដូចជាអតិថិជនទាំងអស់ នូវផលិតផលសុខភាពថ្មី គឺភេសជ្ជៈ និង ដំណាប់ល្មើរ ដែលជាផលិតផលចម្រាញ់ចេញពីផ្លែល្មើរធម្មជាតិ ១០០% ។ ដូចភ្ញៀវកិត្តិយស បានជ្រាបហើយ ផ្លែល្មើរ មានគុណប្រយោជន៍ច្រើន ដល់សុខភាព ហើយជាផ្លែដ៏កម្រ ប៉ុន្តែជា សំណាងល្អ ផ្លែល្មើរនេះ ត្រូវបានចម្រាញ់ចេញជាភេសជ្ជៈសុខភាព ដែលភ្ញៀវកិត្តិយស ក៏ដូចជា អតិថិជន កាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកមកពិសា ដើម្បីប៉ូវសុខភាព”។

គួរបញ្ជាក់ផងដែរថា ខេស៊ី អ៊ិចប្រេស គឹជាផ្សារទំនើប ដែលនឹងនាំមកជូនលោកអ្នក កាន់តែច្រើននូវផលិតផលគុណភាពខ្ពស់ ជាពិសេស គឺផលិតផលបន្លែផ្លែឈឺ ដែលត្រូវបានដាំដុះ ដោយ មិនប្រើសារធាតុគីមី ដោយកសិដ្ឋានរបស់ខេស៊ីគ្រុបផ្ទាល់ មិនតែប៉ុណ្ណោះ ដើម្បីអបអរសាទរការ សម្ពោធលក់ជាផ្លូវការ KC Express ផ្តល់ជូនកាតបញ្ចុះតម្លៃ ១០% រយៈពេល ៣ ខែដល់រាល់អតិថិ ជន ដែលជាវផលិតផលអស់ចាប់ពី 30ដុល្លារ ឡើងទៅ។ ផ្សារទំនើប ខេស៊ី អ៊ិចប្រេស សូមស្វាគមន៍ ការតាំងលក់រាល់ផលិតផល ក្នុង និងក្រៅប្រទេស ដែលទទួលបានការត្រួតពិនិត្យត្រឹមត្រូវ ពីក្រសួង ពាក់ព័ន្ធ។ ផ្សារទំនើប ខេស៊ី អ៊ិចប្រេស មានទីតាំងស្ថិតនៅ ផ្លូវ ១០៥K ភូមិចម្ការឪឡឹក២ សង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ