ភ្នំពេញ ៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះ អង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន ១០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាគាំទ្រលទ្ធផលការបោះឆ្នោតនេះទាំងស្រុង ។

សេចក្តីថ្លែងការណ៍របស់អង្គការ សមាគមទាំង១០ មានខ្លឹមសារយ៉ាងដូច្នេះថា ៖ យើងខ្ញុំទាំងអស់គ្នាតំណាងឱ្យអង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន ១០ បានតាមដាន និងអង្កេត យ៉ាងយកចិត្តទុកដាក់បំផុត តាំងពី ដំណើរការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ។

យើងខ្ញុំបានកត់សម្គាល់ឃើញថា ទាំងដំណើរការឃោសនាបោះឆ្នោត ដំណើការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត គឺបានប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ។
យោងតាមបរិយាកាសដ៏ល្អបំផុតនៃដំណើការបោះឆ្នោតនេះ យើងខ្ញុំតំណាងអង្គការ សមាគម ទាំង១០ សូមប្រកាសគាំទ្រលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះ ទាំងស្រុង ។

សូមបញ្ជាក់ថា អង្គការ សមាគមទាំង១០ ដែលបានចេញសេចក្តីការណ៍គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ខាងលើ រួមមាន ៖ ទី១. សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដែលមានឯកឧត្តម ទូច វណ្ណៈ ជាប្រធាន ទី២. អង្គការលើកកំពស់ជីវភាពកសិករ ដែលមានលោក សក ឡី ជាប្រធាន ទី៣. សមាគមពិធីករ ពិធីការិនីកម្ពុជា ដែលមានលោក ទូច សុឃៈ ជាប្រធាន ទី៤. អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា ដែលលោក ចាវ ប៉េងណាំ ជាប្រធាន ទី៥. សមាគមនិស្សិត សិស្សខេត្តព្រៃវែង ដែលមានលោក នីន តារារតន៍ ជាប្រធាន ទី៦. អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ដែលមានលោកជំទាវ ហោ វ៉ាន់នី ជាប្រធាន ទី៧. អង្គការសង្គ្រោះបម្រើក្តីសង្ឃឹមពិភពលោក ដែលមានលោក ព្រាប នូរ៉ា ជាប្រធាន ទី៨. សមាគមទ្រទ្រង់កសិកម្មធម្មជាតិកម្ពុជា ដែលមានលោកស្រី ព្រីង សុខលាង ជាប្រធាន ទី៩. អង្គការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា ដែលមានលោក សុង ប៊ុនទិត ជាប្រធាន និងទី១០. អង្គការត្បូងទទឹមកម្ពុជា ដែលមានលោក ប៊ុន រ៉ូប៊ី ជាប្រធាន ។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់អង្គការ សមាគមក្រៅរដ្ឋាភិបាល ទាំង១០ ៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ