ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់នឹងស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់ពីបទប្រើហិង្សាដោយយកដៃវាយជនរងគ្រោះប្លន់យកម៉ូតូបានសម្រេចកាលពីម៉ោង៥រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថាជនរងគ្រោះឈ្មោះពុធ សៅ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ក្នុងក្រុម៨ ផ្លូវលេខ៩៩ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះណាំ ប៊ុនឆេង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ២១ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩ ។
សម្ភារបាត់បង់រួមមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ (ស្លាកលេខជនរងគ្រោះមិនចាំ ព្រោះបាត់កាតគ្រីម៉ូតូ )។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង៣:៣០នាទីទៀបភ្លឺនៅចំណុចផ្លូវ៩៩ ភូមិទួលសងែ្ក ជនរងគ្រោះបានជិះមកពីទិញលៀសនៅផ្សារដើមគត្រលប់ទៅផ្ទះវិញ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០១គ្រឿងម៉ាកអិចស័រទរ័ បានមកធ្វើសកម្មភាពធាក់ម៉ូតូបណ្តាលឱ្យដួល រួចវាយដោយដៃទៅលើជនរងគ្រោះប្លន់យកម៉ូតូ០១គ្រឿងបានសំរេចហើយក៏រត់គេចខ្លួនបាត់ទៅ។

បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ ក្រោយទទួលបណ្តឹងហើយ កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានចុះធើ្វការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ១នាក់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៥:០០នាទីល្ងាច នៅចំណុចផ្លូវជាតិលេខ៥ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តាះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី និងបន្តស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់និងម៉ូតូជនរងគ្រោះជាបន្តទៀត ចំណែកជនសង្ស៍យដែលឃាត់ខ្លួនបាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ