ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការទទួលបន្ទុករួម នៃគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ប្រភេទកីឡាដែលដាក់ឱ្យប្រកួតមានចំនួន ១២ប្រភេទកីឡា លើវិញ្ញាសា ចំនួន ៨៨ ហើយតាមរយៈការរៀបចំប្រកួតនេះ ឯកឧត្តមជឿជាក់ថា នឹងអាចរកឃើញអត្តពលិកមានគុណផលល្អៗ ចេញពី ១២ប្រភេទកីឡានេះ។

ឯកឧត្តមរដ្ឋលេខាធិការ បន្តទៀតថា ការរៀបចំប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេក ទេសថ្នាក់ជាតិ ឆ្នាំ២០២២ សំដៅប្រមូលផ្តុំកីឡាករ កីឡាការិនី ដែលជាមហាជន សិស្សា នុសិស្ស ដែលស្រឡាញ់វិស័យកីឡា ឱ្យមានឱកាសបានចូលរួមប្រកួតប្រជែង ចែករំលែកបទពិសោធន៍ បង្កើនភាពសប្បាយរីករាយ ពង្រឹងកាយសម្បទាមាំមួន បង្កើនកម្លាំងបញ្ញាស្មារតីឈ្លាសវៃ និងចៀសផុតពីអំពើអសកម្មនានានៅក្នុងសង្គម។ ជាងនេះទៅទៀត កីឡាករ កីឡាការិនី អាចនឹងក្លាយជាកីឡាករ កីឡាការិនី ដែលមានកម្រិតខ្ពស់ អាចឈានដល់ការចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា នាពេលអនាគត ។

ឯកឧត្តម ស សុខា គូសបញ្ជាក់ផងដែរថា ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះគឺដើម្បីបង្កើនសុខុមាលភាពទាំងផ្លូវកាយ ផ្លូវបញ្ញា របស់សិស្សានុសិស្សផង និងចូលរួមចំណែកលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផង និងជាពិសេសទៀតនោះ ដើម្បីត្រៀមលក្ខណៈសម្បត្តិ អោយបានល្អប្រសើរ សម្រាប់ការចូលរួមប្រកួតលើឆាកអន្តរជាតិ នាថ្ងៃអនាគត និងស្វែងរកកីឡាករ-កីឡាការិនីបន្តវេនដ៏មានសក្កានុពល ចេញពីកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សា ។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការទទួលបន្ទុករួម ឯកឧត្តម ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការជំនាញទាំងអស់ ពិសេសលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ដែលបានសហការជាមួយសហព័ន្ធជាតិទាំង១២ រួមទាំងមន្ត្រីក្រោមឱវាទ ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងយកអស់កម្លាំងកាយចិត្ត ដើម្បីរៀបចំការប្រកួតប្រចាំឆ្នាំ ដ៏មានសារៈសំខាន់នេះ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ទី៣០ ខែមិថុនា នៅរាជធានីភ្នំពេញ ដោយធ្វើប្រកួតទៅលើវិញ្ញាសា ចំនួន ៨៨វិញ្ញាសា និងប្រភេទកីឡា ចំនួន ១២ រួមមាន ៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ (WT) តេក្វាន់ដូ (ITF) ការ៉ាតេ និងសីប៉ាក់តាក្រ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ