ភ្នំពេញ ៖ យុវជនចំនួន០៣នាក់ រួមជាមួយកាំបិត ចំនួន០៤ដើម ត្រូវបានសមត្ថកិច្ច នៃ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួន ក្រោយពីការបង្ក្រាបជាក់ស្តែងករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាំបិតបុង័តោ) កាលពីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខវត្តឧត្តរ៉ាវត្តី ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌឫស្សីកែវ បានអោយដឹងថា យុវជនសង្ស័យ ទាំង០៣នាក់ មាន ឈ្មោះ កន បញ្ញា អាយុ២០ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន មានទីលំនៅផ្ទះលេខ៩D ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២- ឈ្មោះ សំអ៊ែល ម៉េងលី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ និងឈ្មោះ ឃាង ឆាងទ្រី អាយុ១៧ឆ្នាំ មុខរបរប្រូឡាន មានទីលំនៅផ្ទះជួល សំបុកចាប សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានសំភារៈរួមមាន ៖ ១- ម៉ូតូមួយគ្រឿង ម៉ាក HONDA BEAT ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1IZ-8043។ ២- កាំបិតប៉័ងតោ ចំនួន០២ដើម។ ៣- កាំបិតកាប់ដូង ចំនួន០១ដើម។ ៤-ដាវវកែច្នៃ ចំនួន ០១ដើម។

សមត្ថកិច្ចបន្តថា ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបាននាំគ្នានៅជិះលេងម្តុំបូរីអង្គរ ចេញមកកន្លែងកើតហេតុ ក្នុងគោលបំណង ដើរលេងបានទុកកាំបិតចំនួន៤ដើមក្នុងកាតាបទុកការពារខ្លួនពេលមកដល់មុខវត្តឧត្តរ៉ាវត្តី បានជួបនឹងកម្លាំងសមត្ថកិច្ចល្បាតឃើញមានការសង្ស័យឃាត់ត្រួតពិនិត្យរកឃើញសម្ភារៈដូចខាងលើ ក៏នាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវតែម្តង។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វើការសាកសួរយកចម្លើយ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ