ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានកាលពីរសៀល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ក្រោយពីពួកគេធ្វើសកម្មភាពលួចរថយន្តម៉ាកកូរ៉ូឡា នៅចំណុចផ្ទះលេខ៤៣A ផ្លូវលេខ២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ១-ឈ្មោះនី ម៉ាឡា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខមុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ២-ឈ្មោះ ស៊ីន ដាវីត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះជួលក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ឡាង ស្រីមួយ ភេទស្រីអាយុ២៨ឆ្នាំ មុខរបរបុគ្គលិកអង្គការមួយ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១ ផ្លូវP១២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សម្ភារៈដែលសមត្ថកិច្ច ដកហូតបាន រួមមាន៖ រថយន្ត១គ្រឿងម៉ាក COROLLA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2J-2504, ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1A-4856។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ម៉ោង៣រសៀល នៅចំណុចកើតហេតុខាងលើជនរងគ្រោះបានទុករថយន្តនៅលើផ្លូវដោយចាក់សោត្រឹមត្រូវ ស្រាប់តែមានជនសង្ស័យចំនួន៣នាក់បានមកធ្វើសកម្មភាពលួចរថយន្តបានសម្រេច រួចគេចខ្លួនបាត់លុះដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅម៉ោង០១រសៀល កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌបានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់បានជនសង្ស័យចំនួន២នាក់រួមទាំងវត្ថុតាងរថយន្តជនរងគ្រោះនៅចំណុចផ្ទះជួល តាមផ្លូវបេតុង ភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវយកមកអធិការដ្ឋានខណ្ឌដើម្បីសាកសួរ រីឯកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នអធិការដ្ឋានខណ្ឌឫស្សីកែវបានប្រគល់ជនសង្ស័យនិងវត្ថុតាងទៅឱ្យអជិការដ្ឋានខណ្ឌចំការមនដើម្បីបន្តនីតិវិធីច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ