ភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានបន្តដឹកនាំសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឬស្សីកែវចុះធ្វើសៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ក្នុងភូមិចំនួន៣មាន ភូមិក្រោលគោ ភូមិស្ពានខ្ពស់ ភូមិបឹងឈូក សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ជារៀងរាល់ថ្ងៃ ដោយមិនគិតថាជាថ្ងៃសៅរ៍ ឬក៏ជាថ្ងៃអាទិត្យនោះទេ។

លោកអធិការនគរបាលខណ្ឌ អោយដឹងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងកម្លាំងការិយាល័យគ្រប់គ្រងការស្នាក់នៅ ព្រមទាំងមានការចូលរួមពី មន្រ្តីរដ្ឋបាលខណ្ឌឫស្សីកែវ និងរដ្ឋបាលសង្កាត់ទាំង៧ ចុះជំរុញធ្វើសៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ជូនប្រជាពលរដ្ឋដោយផ្ទាល់ដល់ភូមិ តាមសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ ចាប់ពីថ្ងទី៧ខែមីនា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្នបានចុះធ្វើសៀវភៅស្នាក់នៅ(ក២) បាន ១១៩៥ក្បាល និងសៀវភៅគ្រួសារ(ក៤) បាន១៥៨៥ ក្បាល សរុបបានចំនួន ២៧៧៩ ក្បាល។

លោកអធិការបន្តថា ប្រជាពលរដ្ឋតាមសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ នៅពុំទាន់បានធ្វើនៅមានចំនួនច្រើន ក្រុមការងារនឹងរៀបចំចុះធ្វើបន្តជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន តាមទីតាំងក្នុងភូមិ ជារៀងរាល់រាល់ថ្ងៃបន្តទៀត។

លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានលើកឡើងទៀតថាការធ្វើសៀវភៅស្នាក់នៅ(ក២), សៀវភៅគ្រួសារ(ក៤), និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពុំមានគិតថ្លៃសេវានោះទេ។ ចំពោះជនអន្តោប្រវេសន៍ សមត្ថកិច្ច មិនអាចធ្វើជូនបានទេ។ សមត្ថកិច្ចនគរបាលខណ្ឌ ក៏សូមអធ្យាស្រ័យប្រសិនបើមានការអាក់ខាន និងបម្រើសេវាជូនបងប្អូនពុំទាន់តម្រូវការជាក់ស្តែង ដោយកត្តាមូលហេតុផ្សេងៗ យើងខ្ញុំបាននឹងកំពុងបន្តបម្រើសេវាជូនបងប្អូនឱ្យកាន់តែល្អប្រសើរថែមទៀត។

លោកអធិការនគរបាលខណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលខកខានពុំបានធ្វើ សូមអញ្ជើញទៅធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងសង្កាត់ដែលបងប្អូនរស់នៅ ឬអញ្ជើញទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ជួបជំនាញផ្នែកអត្តសញ្ញាណកម្ម ដើម្បីសួរព័ត៌មាន បំពេញបែបបទ ធ្វើផ្តល់សៀវភៅស្នាក់នៅ(ក២), សៀវភៅគ្រួសារ(ក៤), និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃ្លាំងសាំងក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដែលបានមកធ្វើសៀវភៅស្នាក់ និងសៀវភៅគ្រួសារ បានលើកឡើងថា គាត់មានអារម្មណ៍សប្បាយរីករាយពេលដែលឃើញសមត្ថកិច្ចនគរបាលដែលដឹកនាំដោយលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវដឹកនាំកំលាំងប៉ុស្តិ៍ចុះមកធ្វើសៀវភៅស្នាក់នៅ ក៏ដូចជាសៀវភៅគ្រួសារដល់ផ្ទះប្រជាពលរដ្ឋបែបនេះ ។ ប្រជាបានលើកឡើងទៀតថា ការចុះមកសៀវភៅស្នាក់ និងសៀវភៅគ្រួសារមកដល់ផ្ទះប្រជាពលរដ្ឋនេះគឺមិនមានអស់លុយនោះទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ