ភ្នំពេញ ៖ ការខិតខំប្រឹងប្រែង ដើម្បីជីវិតរស់នៅ និងធ្វើអោយជីវភាពកាន់តែប្រសើរឡើង ក្នុងការធ្វើអោយអាជីវកម្មមួយជោគជ័យ មិនមែនងាយស្រួលដូចការគិត និងមិនមែនប្រើត្រឹមរយៈពេលខ្លីអាចធ្វើទៅបាននោះទេ អាជីវកម្មខ្លះ ក៏ត្រូវការចំណាយពេលវេលា យ៉ាងយូរ ហើយមិនប្រាកដថា ទទួលបានលទ្ធផលល្អដូចជាការគិតទេ លុះត្រាអ្នកមានការតាំងចិត្ត តស៊ូ ព្យាយាម អត់ធ្មន់ ជំនះគ្រប់ឧបសគ្គ ទើបឈានទៅដល់គោលដៅបាន។
បើក្រឡេកមកមើលពីការតស៊ូ របស់ស្រ្តីម្នាក់ ដែលខិតខំប្រឹងប្រែង ពីមុខរបរខ្នាតតូច រហូតឈានដល់ បើកហាង និងបានពង្រីក សាខាលក់របស់ខ្លួន ដល់ទៅជិត៥០ទីតាំង ទូទាំងប្រទេស ដែលអ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ នោះគឺ ម្ជូរវត្តភ្នំ១៦៨ ដែលមានលោកស្រី លាភ ដាណេ ជាម្ចាស់អាជវកម្មផ្ទាល់។ បើនិយាយអោយចំទៅគឺជាជំនាញតាំងពីក្មេង និងការចូលចិត្ត លក់ដូរ ដែលពីដំបូងឡើយ កាលពីអាយុជា៩ឆ្នាំ គឺគ្រាន់តែដើរទូលលក់ធម្មតា លុះក្រោយមកដល់ពេលមានគ្រួសារ ក៏ពង្រីការលក់នោះអោយកាន់តែធំបន្តិចម្តងៗ ហើយក៏មានឈ្មោះ ម្ជូរវត្តភ្នំ១៦៨ ឡើងដើម្បីអោយអតិថិជនងាយស្រួលក្នុងការចងចាំ។
លោកស្រី លាភ ដាណេ បានរៀបរាប់ថា ក្នុងរបរលក់ម្ជូរវត្តភ្នំ១៦៨ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយការចាប់ផ្តើមអាជីវកម្មដំបូងនោះ នៅអំឡុងឆ្នាំ២០១២ ដោយពីដំបូងឡើយ គឺដាក់លក់ ជាម្ជូរតូចតាចលក្ខណៈគ្រួសារ ជាគ្រែតូចមួយ ជួលផ្ទះគេ មួយខែ៨០ដុល្លារ ដោយទទួលបានការគាំទ្រច្រើន ធ្វើអោយការលក់កាន់តែដាច់ ហើយចំនួន នៃការលក់ក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មុខរបរមួយនេះ កាន់តែឈានទៅមុខ ម្ចាស់ផ្ទះក៏បានឡើងថ្លៃដល់១៨០ដុល្លារ ព្រោះត្រូវពង្រីកទូដាក់លក់បន្ថែម។
លោកស្រីបន្ថែមថា “ពិតជាមានការលំបាក នៅពេលដែលយើងលក់ដាច់ ចាប់ផ្តើមខ្លាចម្ចាស់ផ្ទះគេឈប់ជួលទីតាំងអោយ ហើយតំលៃនៃការជួលផ្ទះ ក៏កាន់តែឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ជួលមុខផ្ទះគេ ពីតំលៃ៨០ដុល្លារ រហូតដល់ជិត១០០០ដុល្លារ ក្នុងមួយខែ”។ បើទោះបីត្រូវ ចំណាយពេលពេញមួយថ្ងៃ ដោយថ្ងៃខ្លះក៏មិនសម្រាក ដែលតម្រូលអោយឡើងទៅយកទំនីញ ក្នុងមួយថ្ងៃបីដង រហូតដល់ម៉ោង៣-៤ភ្លឺ ក៏មាន ក៏ស្រ្តីម្នាក់នេះ មិននដែលរួញរា ព្រោះជាមុខរបសដែលខ្លួនស្រលាញ់។ ហើយការតស៊ូមួយ បានធ្វើអោយ លោកស្រី ទទួលបានជោគជ័យ ដោយប្ចុប្បន្ន លោកស្រីមានផ្ទះផ្ទាល់ខ្លួនហើយ គឺជាទីតាំងពិតប្រាក មិនផ្លាស់ប្តូរទៅណាទៀតទេ។
លោកស្រីបានបញ្ជាក់ទៀតថា កត្តាដែលធ្វើអោយអាជីវកម្មម្ជូរវត្តភ្នំ១៦៨ អាចឈរជើងបានរហូតមកអស់រយៈពេលជាង១០ឆ្នាំនេះ គឺពិតជាឆ្លងកាត់បទពិសោធន៍យ៉ាងច្រើន ហើយចំណុចដែលពិសេសនោះ គឺ គ្រឿងជ្រលក់ ដែលមានរស់ជាតិប្លែក ច្រើនមុខ ដែលកើតចេញពីការឆ្នៃផ្ទាល់ ក្នុងការបង្កើនរស់ជាតិ បន្ថែម ទៅលើម្ជូរ និងធ្វើអោយមានការចូលចិត្ត កាន់តែច្រើនឡើងៗ។ ធ្វើអោយការលក់ សម្រាប់តែទីតាំងនៅវត្តភ្នំ ក្នុងមួយថ្ងៃអាចលក់បាន ចាប់ពី១តោន ទៅ២តោន ទៅតាមរដូវកាលផងដែរ។
រហូតមកដល់បច្ចុប្បន្ន ម្ជូរវត្តភ្នំ១៦៨ បានចែកជាសាខា នៅទូទាំងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ទូទាំងប្រទេស មានចំនួនជិត៥០សាខាហើយ ដោយលោកស្រី បានអោយដឹងពីគោលការណ៍នៃការជ្រើសរើស អោយក្លាយជាតំណាងសាខា របស់ម្ជូរវត្តភ្នំ១៦៨ គឺមិនមែនចេះតែយកៗនោះទេ អ្នកដែលត្រូវចូលជាតំណាងសាខា ត្រូវតែជាអ្នកដែល ចេះតស៊ូ ព្យាយាម អត់ធ្មត់ ស្រលាញ់មុខរបស់របស់ខ្លួន ជាពិសេសលោកស្រី ក៏បានជម្រុញដល់ស្រ្តីមេផ្ទះដែលមានបំណង ចង់បង្កើនប្រាក់ចំណូល ចូលគ្រួសារ។
ដោយបានទទយលជោគជ័យ ក្នុងអាជិវកម្មរបស់ខ្លួន និងជាខួបគម្រប់១០ឆ្នាំ នៃអាជីវកម្មផងនោះ ម្ចាស់អាជីវកម្ម ម្ជូរវត្តភ្នំ១៦៨ បានរៀបចំកម្មវិធីមួយ ដល់ម្ចាស់សាខា នានា ទូទាំងប្រទេស ធ្វើយ៉ាងណាដើម្បីបង្កើនចំណូល បង្កើនអតិថិជន ផ្តល់ទំនុបចិត្តដល់អតិថិជន និងការរក្សាអតិថិជន អោយកាន់តែច្រើនឡើង។ “យុទ្ធសាស្រ្តនិងវិធីសាស្រ្តជម្រុញការលក់អោយច្រើនទ្វេដង” គឺជាប្រធានបទមួយ របស់ លោកស្រី លាភ ដាណេ ម្ចាស់អាជីវកម្មម្ជូរវត្តភ្នំ១៦៨ លើកយកមកចែករំលែកដល់ សាខាម្ជូរវត្តភ្នំ១៦៨ ទាំងជិត៥០ទីតាំង ទូទាំងទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ទូទាំងប្រទេស៕