ភ្នំពេញ ៖ ទោះបីជាយ៉ាណាក៏ដោយ ប្រជាពលរដ្ឋ ហាក់នៅតែមានការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វី បានជា ឯកឧត្តម ប៉ាន់ខែម ប៊ុនថន មិនព្រមមើល ដីកាសម្រេចលើបណ្តឹងតវ៉ាដីកាសម្រេចរក្សាការពារ លេខ ៨៥ របស់លោក ជួន វណ្ណៈ ចៅក្រម នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នោះឡើយ ដោយក្នុងសំអាងហេតុ នៃដីកាសម្រេចខាងលើបានរំលេចយ៉ាងច្បាស់នៅទំព័រទី៤ ថា ៖ ស.ជ.ណ លេខ ១៥៥៣ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ របស់ទីស្តីការគណ:រដ្ឋមន្ត្រី និង ស.ជ.ណ លេខ ២១៧ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ របស់សាលាខេត្តបន្ទាយមានជ័យ គឺគ្រាន់តែជាសេចក្តីជូនដំណឹងក្នុងន័យសម្របសម្រួលភាគីតែប៉ុណ្ណោះ ពុំមែនជាសេចក្តីសម្រេចដាច់ណាត់នោះទេ ម៉្យាងវិញទៀតក្នុង ស.ជ.ណ ក៏មិនបានបញ្ជាក់អំពីព្រំប្រទល់ដីភាគីនិមួយៗ បានច្បាស់លាស់ឡើយ។ ដូច្នេះសូមេត្តាគប្បីពិចារណាសម្រេចការពារដល់ផលប្រយោជន៍របស់ភាគីទាំងសងខាងផង។

យោងតាមដីកាសម្រេចរក្សាការពារចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យចោលជាអសារបង់ (លុបដីការក្សាការពារខាងភាគី លោក លី អ៊ុតនី ចោលជាអសារបង់) ហេតុនេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នៅតែយក ស.ជ.ណ លេខ ១៥៥៣ មកដោះស្រាយដោយបានធ្វើការប្រកាសជាសាធារណៈនៅចំពោះមុខអ្នកសារព័ត៌មានថា ៖ ភាគីខាងលោក គង់ ជា ប្រព្រឹត្តល្មើសទៅនិងសេចក្តីសម្រេចនៃ ស.ជ.ណ ១៥៥៣ ពិតជាអយុត្តិធម៌បំផុតចំពោះភាគីលោក គង់ ជា ដែលត្រូវបានស្ថាប័នតុលាការផ្តល់យុត្តិធម៌ជូនភាគីគាត់រួចហើយទាំងសំណុំរឿងព្រហ្មទណ្ឌ និងដីការក្សាការពារជាច្រើនលើកច្រើនសារ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ និងនៅសាលាឧទ្ធរណ៍ភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ៖ ទីតាំងដីទំហំ៩៧ហិកតា ស្ថិតនៅចំណុច អុង ម៉ុង ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាកម្មសិទ្ធិស្របច្បាប់របស់លោក គង់ ជា យ៉ាងច្បាស់ក្រឡែត ដូច្នេះលោក គង់ ជា មានសិទ្ធិចាត់ចែង លក់ដូរ ស្របតាមច្បាប់ជាធរមានហើយ ម្តេចឡើយក៏ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នៅតែខំប្រឹងបង្កើតអង្គហេតុលើទីតាំងដីដែលភាគីលោក គង់ ជា ទទួលបានយុត្តិធម៌ពីស្ថាប័នតុលាការយកមកដោះស្រាយឡើងវិញ ដោយសំអាងទៅលើតែ ស.ជ.ណ ១៥៥៣ យកមកកៀបសង្កត់ខាងភាគីលោក គង់ ជា ថាបានរំលោភលើដីរបស់ភាគីលោក លី អ៊ុតនីទៅវិញ ? មកដល់ពេលនេះ លោកតា គង់ ជា ក៏បានដាក់លិខិតគោរពជូន សម្តេចតេជោ ហ៊ុន សែន សូម សម្តេចតេជោ មេត្តាផ្តល់ភាពយុត្តិធម៌ដល់រូបគាត់រួចហើយដែរ ហេតុនេះគប្បីរងចាំការសម្រេចដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ជាមុនសិន មិនគួរ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សំអាងតែលើ ស.ជ.ណ ១៥៥៣ យកមកកៀបសង្កត់ភាគីលោកតា គង់ ជា ដើម្បីទាញយកផលផ្អៀងទៅខាងភាគីលោក លី អ៊ុតនី បែបនេះឡើយ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍នៃសិទ្ធិស្របច្បាប់របស់ភាគីលោកតា គង់ ជា យ៉ាងធ្ងន់ធ្ងរបំផុត។

ផ្អែកតាមផ្លូវច្បាប់ទីតាំងដីទំហំ៩៧ហិកតា ដែលភាគីលោកតា គង់ ជា ទទួលបានយុត្តិធម៌ពីស្ថាប័នតុលាការហើយនោះ លោកតា គង់ ជា មានសិទ្ធិស្របច្បាប់ក្នុងការចាត់ចែងលក់ដូរស្របតាមនីតិវិធីហើយ ប៉ុន្តែទីតាំងដីខាងលើលោកតា គង់ ជា មិនលក់ឲ្យក្រុមឈ្មួញទិញ លក់ដីនោះទេ តែលោកតា គង់ ជា បានធ្វើការបែងចែកដីជូនដល់ពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយឲ្យមករស់នៅក្នុងទីតាំងដីខាងលើរហូតជាងមួយពាន់គ្រួសារ ហើយបានសហការគ្នារៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ស្រះទឹក សាលារៀន។ ល។ ដោយមានការទទួលស្គាល់ ដឹងឮពីអាជ្ញាធរភូមិ ឃុំ។ ហើយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោកតា គង់ ជា បានធ្វើលិខិតគោរពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីគោរពស្នើសុំ សម្តេចតេជោ មេត្តាផ្តល់ភាពយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍លើទីតាំងដីទំហំ៩៧ហិកតា ស្ថិតនៅចំណុច អុងម៉ុង ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឲ្យទទួលបានសិទ្ធិស្របច្បាប់ ដោយសេចក្តីមេត្តាអនុគ្រោះដ៏ខ្ពង់ខ្ពស់បំផុត។

សូមបញ្ជាក់ថា លោកតា គង់ ជា ក៏បានដាក់លិខិតជូនសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ផ្តល់យុត្តិធម៌ ពាក់ព័ន្ធបញ្ហាដីធ្លី ស្ថិតនៅភូមិអូរអំពិល ឃុះទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ដោយបានដាក់ជូនដល់ទីស្តីការគណៈរដ្ឋមន្រ្តី រួចរាល់ហើយ ហើយលោកតា កំពុងរង់ចាំសេចក្តីសម្រេចដ៏ខ្ពង់ខ្ពង់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់យុត្តិធម៌ជូនពួកគាត់។

ក្នុងលិខិដាក់ជូនសម្តេច បានអោយដឹងថា ៖”ខ្ញុំបាទសូមគោរពជម្រាបជូន សម្តេចតេជោ ជាទីគោរពដ៏ ខ្ពង់ខ្ពស់មេត្តាជ្រាបថា : ទីតាំងដីទំហំប្រមាណ ៩៧ ហិកតា ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ ជាដីអតីតគ្រប់គ្រងដោយអង្គភាពកងពលលេខ ៤៥០ យោធាខ្មែរក្រហម ហើយក្រោយពីសមាហរណកម្ម យើងខ្ញុំបានទទួលរបបដីខាងលើដោយមានការទទួលស្គាល់ពីអាជ្ញាធរដែនដី និងអាស្រ័យផលលើដីខាងលើជាដរាបត រៀងមករហូតដល់មានពាក្យបណ្ដឹងតវ៉ាជាបន្តបន្ទាប់ពីភាគី លោក លី អ៊ុតនី តែត្រូវបានតុលាការសាលាដំបូងខេត្ត បន្ទាយមានជ័យ និងសាលាឧទ្ធរណ៍ភ្នំពេញចេញដីកាតម្កល់រឿងទុកឥតចាត់ការលើពាក្យបណ្ដឹងរបស់ភាគី លោក លី អ៊ុតនី ជាបន្តបន្ទាប់ដូចមានដីកាសម្រេចគោរពជូនជ្រាបក្នុងយោងខាងលើ ។លុះក្រោយពី លោក លី អ៊ុតនី បាន ស្លាប់ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ មក ស្រាប់តែកូនប្រុសលោក លឺ អ៊ុតនី បានប្តឹងទៅអាជ្ញាធរខេត្តឲ្យសើរើទាមទារ ដីដែលភាគីខាងឪពុកខ្លួន ( លី អ៊ុតនី ) តែងតែប្ដឹងភាគីខ្ញុំបាទ ហើយត្រូវបានតុលាការសាលាដំបូង ខេត្តបន្ទាយមាន ជ័យ និងសាលាឧទ្ទរណ៍ភ្នំពេញ តម្កល់រឿងទុកឥតចាត់ការជាបន្តបន្ទាប់លើបណ្ដឹងរបស់ឪពុកខ្លួន ( លី អ៊ុតនី ) នោះ ឡើងវិញទាំងបំពានលើដីកាសម្រេចរបស់តុលាការ។

សម្ដេចរតជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដីទំហំ៩៧ហិកតា ស្ថិតនៅភូមិសាស្ត្រអុងម៉ុង ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គឺខ្ញុំបាទទទួលបានយុត្តិធម៌កើតចេញពីដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ ពីសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាឧទ្ធរណ៍ភ្នំពេញជាបន្តបន្ទាប់ ហើយខ្ញុំបាទក៏បានបែងចែកជូនប្រជាជនក្រីក្រប្រមាណជាង ១០០០ គ្រួសារ មករស់នៅលើផ្ទៃដីទំហំ ៩៧ហិកតា ខាងលើ ហើយយើងខ្ញុំទាំងអស់គ្នាបានរៀបចំកសាងរួចរាល់នូវ ផ្លូវថ្នល់ សាលារៀន និងស្រះទឹក សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍សាធារណ:ក្នុងសហគមន៍យើងខ្ញុំ (ដូចមានក្នុងរូបភាពគោរពជូន ភ្ជាប់ខាងលើ យើងខ្ញុំមិនបានទៅរំលោភបំពានលើដីធ្លីអ្នកដទៃនោះឡើយ ដោយយើងខ្ញុំទាំងអស់គ្នាគ្រប់គ្រង អាស្រ័យផលតែក្នុងទីតាំងដីដែលទទួលបានតាមដីកាសម្រេចពីស្ថាប័នតុលាការតែប៉ុណ្ណោះ។

អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមសម្ដេចតេជោជាទីគោរពមេត្តាផ្តល់យុត្តិធម៌ដល់យើង ខ្ញុំទាំងអស់គ្នាបានគ្រប់គ្រងអាស្រ័យផលលើដីខាងលើ ស្របតាមផ្លូវច្បាប់ដោយក្តីមេត្តាអនុគ្រោះដ៏ខ្ពង់ខ្ពស់បំផុត។ សូមសម្ដេចតេជោ មេត្តាទទួលនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតអំពីយើងខ្ញុំ។

បណ្តាញសារព័ត៌មានយើង រង់ចាំការបកស្រាយបញ្ជាក់ ពីភាគី លោក លី អ៊ុតនី ជាពិសេស ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអោយមហាជនបានយល់នឹងដឹង អំពីអង្គហេតុ អោយកាន់តែច្បាស់ កុំអោយមានការភាន់ច្រឡំ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ