ខេត្តបន្ទាយមានជ័យ ៖ នគរបាលមូលដ្ឋានបានចាប់ឃាត់ខ្លួនបុរសម្នាក់ក្នុងអំពើហឹង្សា ដោយយកចបកាប់ស្ទុះទៅកាប់ជនរងគ្រោះកំពុងអង្គុលក់ដូរ។ តែជនរងគ្រោះគេចខ្លួនផុត។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង០៣និង១០នាទីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ចំណុចផ្សារចាស់ ភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ យឿន សំខាន់ ភេទប្រុស អាយុ ៣៩ ឆ្នាំរស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ចំណែកជនរងគ្រោះឈ្មោះឈៀប ស្រីវង ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ផងដែរ។

នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះយឿន សំខាន់ បានផឹកស្រាស្រវឹង ហើយបានធ្វើសកម្មភាពយកចបកាប់ វ៉ៃទៅលើឈ្មោះឈៀប ស្រីវង កំពុងអង្គុយលក់ដូរត្រីសាច់នៅផ្សារ ដោយចោទថា ជនរងគ្រោះ និយាយដើមខ្លួន។

ពេលធ្វើសកម្មភាពជនរងគ្រោះបានគេចខ្លួនផុត និងបានវ៉ៃបំផ្លាញចានដែក ត្រីសាច់ ដែលដាក់លក់ដូរ ធ្លាក់រាយប៉ាយនៅលើដី ហើយជនដៃដល់ត្រូវបានអ្នកនៅក្បែរនោះជួយឃាត់បន្ទាប់មកជននោះក៏បានយកចបកាប់ទៅកាប់កម្ទេចបំផ្លាញម៉ូតូរបស់ខ្លួន ម៉ាកស្គុបពីព័ណក្រហមបណ្តាលឲ្យខូចខាត។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនមកសួរនាំ តែដោយកម្លាំងនៃអំណាចស្រាជនសង្ស័យបានជេរប្រមាថចាស់ដៃលើសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន។

ដោយផ្អែកតាមបណ្ដឹងភាគីរងគ្រោះ និងអាជ្ញាធរមូលដ្ឋាន បានសំណូមពរអោយសមត្ថកិច្ចចាត់ការតាមនិតិវិធី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ