ខេត្តបន្ទាយមានជ័យ ៖ ករណីរំលោភយកទ្រព្យសម្បិត្តរដ្ឋ គឺយកដីព្រៃលិចទឹកនៅតំបន់៣ បឹងទន្លេសាបទំហំប្រមាណ៦០០ហិចតានៅក្នុងភូមិសាស្ត្រភូមិបត់ត្រង់ឃុំប្រាសាទស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលសង្ស័យប្រព្រឹត្តដោយលោកឩត្តមសេនីយ៍ទោ(ផ្កាយ២យោធា) ភ្លន់ តារា មេបញ្ជាការរង យោធភូមិភាគទី៥ អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យនិងគូកន មន្ត្រីរូបនេះបានទៅបំភ្លឺនៅគណ:កម្មការមួយហើយ។

ប៉ុន្តែប្រភពព័ត៌មានប្រាប់នៅថ្ងៃទី០៣ខែមករាឆ្នាំ២០២២ថា: សមត្ថកិច្ចអាវុធហត្ថនិងគណៈកម្មការបានកោះហៅលោកភ្លន់ តារា មកបំភ្លឺ ហើយសាម៉ីខ្លួនបានទទួលស្គាល់ថា បានប្រព្រឹត្តមែន តែទំហំត្រឹម១០០ហិកតាប៉ុណ្ណោះ។ មិនមែនដល់៦០០ហិកតាដូចដែលគេបំប៉ោងតួលេខនោះឡើយ។ ហេតុនេះ សំណុំរឿងនេះ ក៏មិនបញ្ជូនទៅតុលាការនិងឃុំខ្លួនជនសង្ស័យពន្ធនាគារនោះក៏ទេដែរ។

យោងតាមរបាយការណ៍របស់ គណៈកម្មការអន្តរក្រសួងចុះបង្រ្កាប បទល្មើសរំលោភទន្រ្ទានដីព្រៃលិចទឹក តំបន់បឹងទន្លេសាប បានឱ្យដឹងថា : លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានកាប់បំផ្លាញព្រៃលិចទឹក និងទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ៦០០ហិកតា នៅតំបន់៣ បឹងទន្លេសាប(ភូមិសាស្ត្រភូមិបត់ត្រង់ឃុំប្រាសាទស្រុកព្រះនេត្រព្រះ ) ខេត្តបន្ទាយមានជ័យ។

ហើយកាលពីព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា បានចូលបំភ្លឺករណីកាន់កាប់ដីព្រៃលិចទឹកតំបន់៣ ក្នុងខេត្តបន្ទាយមានជ័យ នៅចំពោះមុខគណៈកម្មការបង្រ្កាបបទល្មើសកាប់ទន្រ្ទានដីព្រៃលិចទឹក តំបន់៣រួចមួយជំហានហើយ ។

ក្នុងនោះមន្ត្រីផ្កាយពីរយោធារូបនេះ ទទួលស្គាល់នូវរំលោភការទន្រ្ទានដីព្រៃ លិចទឹកនៅតំបន់បឹងទន្លេសាបដោយខុសច្បាប់នោះ ពិតមែន ។ ប៉ុន្តែមានទំហំត្រឹមតែ១០០ហិកតាប៉ុណ្ណោះ ។ ពុំមន៦០០ហិចតា ឡើយ ។

ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ៍យប្រាប់ថ្ងៃទី០៣ខែមករាឆ្នាំ២០២២ថា: លោកឩត្តមសេនីយ៍ទោភ្លន់ តារា ពិតជាបានចូលខ្លួនបំភ្លឺករណីរំលោភដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាបនោះនៅអាវុធហត្ថ (គណៈកម្មការអន្តរក្រសួងចុះបង្រ្កាប បទល្មើសរំលោភទន្រ្ទានដីព្រៃលិចទឹក តំបន់បឹងទន្លេសាប)១លើកមែន ។ ហើយមិនទាន់កោះហៅជាថ្មី ទេ។

ចំណែកប្រភពព័ត៌មានពីអយ្យការអមសាលាដំបូងនិងតុលាការខេត្តបន្ទាយមានជ័យប្រាប់នាថ្ងៃដដែលថា : មិនមានសំណុំរឿងនិងជនសង្ស័យឈ្មោះភ្លន់ តារា ត្រូវបានបញ្ជូនទៅស្ថាប័ននេះនៅឡើយ ។
ពោលគឺវាផ្ទុយពីពាក្យចចាមអារាមដែលថា លោកផ្កាយ២ភ្លន់ តារាត្រូវបានសមត្ថកិច្ចចម្រុះអនុវត្តបទបញ្ជាថ្នាក់ជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានវ៉ៃខ្នោះនាំទៅញាត់គុកទៅហើយនោះ ។

រីឯមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យប្រាប់នាថ្ងៃទី០៣ខែមករាដែរថា : មិនទាន់មានឈ្មោះ ភ្លន់ តារា ត្រូវបញ្ជូនទៅដល់ពន្ធនាគារនោះទេ ។

សូមបញ្ជាក់ដែរថា : ក្រៅពីរឿងល្មើសនៅដីព្រៃលិចទឹកតំបន់៣នោះ លោកឧត្តមសេនីយ៍ ភ្លន់ តារា អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ក៏មានរឿងអាស្រូវដ៏ធំមួយទៀតទាក់ទិនទ្រព្យសម្បត្តិរដ្ឋដែរ គឺបានប្រមូលយកដីចំនួន១៥០ហិកតារបស់អង្គភាពនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់កងទ័ពបង្កបង្កើនផល និងចិញ្ចឹមសត្វ ទៅលក់ឲ្យឈ្មួញជាបន្តបន្ទាប់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ ផងដែរ ។

ករណីដី១៥០ហិចតានោះ លោកភ្លន់ តារា បានបំភ្លឺថា : ដីទំហំ១៥០ហិចតានោះ សហគមន៍ព្រៃឈើនៃផ្នែករដ្ឋបាលព្រៃឈើភ្នំស្រុកបានប្រគល់អោយលោកផ្ទាល់(ឯកជន)ទេ ។ហេតុនេះ ការលក់ឬចាត់ចែងយ៉ាងណា លោកមានសិទ្ធិ ។

តាមរយៈឯកសារកិច្ចសន្យាទិញលក់ដី បានឲ្យដឹងថា :ក្រោយលោក បានស្នើសុំបានដី១៥០ហិកតាខាងលើនេះ ពីរដ្ឋបាលខេត្ត(ជំនាន់លោកអ៊ុង អឿន អភិបាលខេត្ត ) ថាសម្រាប់ប្រគល់ជូនយោធាវៀតណាមខេត្តដុងថាបជួយបណ្តុះបណ្តាលកងទ័ពបង្កបង្កើនផលនិងចិញ្ចឹមសត្វ។

ប៉ុន្តែ ពេលបានដីនោះរួចហើយ ឧត្តមសេនីយ៍ ភ្លន់ តារា អតីតមេយោធាខេត្តបន្ទាយមានជ័យ បានយកដីទាំងនោះទៅលក់ឲ្យឈ្មួញ ចំនួន៨នាក់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ និងទើបប្រមូលលុយបានអស់ នៅក្នុងឆ្នាំ២០១៨.ទៅវិញទេ ។

គួររំលឹកថា : កាលពីថ្ងៃទី២ខែ តុលា ឆ្នាំ ២០១២ កន្លងមក លោកឧត្តមសេនីយ៍ ភ្លន់ តារា អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានធ្វើសំណើរមួយច្បាប់ ទៅកាន់លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំអនុញ្ញាតប្រើប្រាស់ដីស្រែ ចំនួន១៥០ហិកតា ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យយោធាខេត្តដុងថាប់ ភូមិភាគទី៩ នៃកងទ័ពប្រទេសវៀតណាម មកជួយផ្នែកបច្ចេកទេស កសិកម្មបង្កបង្កើនផល និងចិញ្ចឹមសត្វ ដល់យោធាកម្ពុជា ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ