ភ្នំពេញ ៖ បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍ឲ្យបានដឹងថា ជារៀងរាល់ថ្ងៃទីតាំងឆ្នោតវៀតណាមមួយកន្លែងដែលស្ថិតនៅតាមផ្លូវលេខ១៧០ ស្ថិតនៅក្នុងសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានពង្វក់ប្រពលរដ្ឋឲ្យញៀនល្បែងស៊ីសង។

ប្រភពព័ត៌មានបានបង្ហើបឲយដឹងថា ទីតាំងកត់ឆ្នោតវៀតណាមខាងលើនេះជារៀងរាល់ថ្ងៃចាប់ពីម៉ោងបាយថ្ងៃត្រង់ទៅ គេតែងតែឃើញមានមនុស្សម្នា មិនថា ក្មេងចាស់ ប្រុសស្រីទេ ចេញចូលមិន ដែលចេះដាច់ ដើម្បីយកលុយទៅឲ្យមេឆ្នោតខាងលើ។ ក្នុងមួយថ្ងៃៗ មេឆ្នោតនេះប្រមូលលុយពីក្រុមអ្នកញៀនល្បែងឆ្នោតយួន រាប់លានរៀល។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោល នយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

មហាជនទូទៅ និង ប្រជាពលរដ្ឋនៅក្បែរទី តាំងខាងលើកំពុងរងចាំមើលចំណាត់ការរបស់លោក លីម សុភា អភិបាលខណ្ឌ៧មករា និង លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា តើនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែមួយនេះបែបណា?

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ