ភ្នំពេញ ៖ បើទោះបីជាតួអង្គកំប្លែងដ៏ល្បីក្នុងរឿងនេះគឺលោក Kom ត្រូវបានជំងឺកូវីដឆក់យកជិវិតក៏ដោយ រឿង “ភូមិវាលឆ្កែលូ” ដែលមានតារារូបនេះសម្តែង ចាប់បញ្ចាំងហើយ ខណៈរោងភាពយន្តនៅភ្នំពេញផ្ដើមបើកដំណើរការឡើងវិញ។

ភាពយន្តថ្មីៗទាំងក្នុង និងក្រៅស្រុកជាច្រើន ចាប់ផ្តើមមានវត្តមានឡើងវិញចាប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រោយរោងភាពយន្តទូទាំងប្រទេសកម្ពុជាត្រូវផ្អាកដំណើរការអស់រយៈពេលជាយូរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩នៅកម្ពុជា។

គ្រាន់តែចាប់បើកដំណើរជាធម្មតាវិញភ្លាម យុវវ័យស្នេហាវិស័យភាពយន្តជាច្រើន បានសម្រុកទៅទស្សនាភាពយន្តថ្មីៗតាមកាលវិភាគរបស់រោងភាពយន្ត ដោយបានចូលរួមអនុវត្តតាមវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ SOP និងវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន។

ជាក់ស្តែង កាលពីយប់ម្សិលមិញនេះ M Picture Cambodia បាននាំយកភាពយន្តថ្មីមួយចំណងជើង «ភូមិវាលឆ្កែលូ» មកចាក់បញ្ចាំងឡើងវិញជាលើកដំបូង ក្រោយរោងភាពយន្តផ្អាកដំណើរការព្រោះវិបត្តកូវីដ១៩។ ជាការពិតដែលការនាំយកភាពយន្តថ្មីៗមកចាក់បញ្ចាំងក្នុងរោងភាពយន្តនៅដំណាក់កាលផុយស្រួយនេះ។ ជារឿងពិបាក និងប្រថុយប្រថានការខាតទុនច្រើន ដូចនេះហើយទើប លោក សុខ សិរីសុភា តំណាង M Picture Cambodia ដែលជាអ្នកនាំភាពយន្តពីក្រៅប្រទេសមកបញ្ចាំងក្នុងប្រទេស កម្ពុជា បានលើកឡើងថា ប្រមាណ៩ខែដែលរោងភាពយន្តបិទមិនដំណើរការ ក្រុមហ៊ុនក៏មានរឿងក្នុងដៃច្រើនដែលអាចបញ្ចេញលើទីផ្សារបាន តែក្នុងដំណាក់កាលកូវីដ១៩នេះ គឺក្រុមហ៊ុនមើលលើទីផ្សារ ហើយនឹងជ្រើសយករឿងណាដែលគិតថាល្អ អាចទាក់ទាញចិត្តស្នេហាវិស័យភាពយន្តមកមើលបានមកចាក់បញ្ចាំងតែប៉ុណ្ណោះ។ ការសម្រេចជ្រើសយករឿង «ភូមិវាលឆ្កែលូ» មកបើកទំព័រឡើងវិញនេះ គឺដោយសារតួអង្គ២នាក់ក្នុងរឿងនេះ បានទទួលមរណៈភាពដោយសារជម្ងឺកូវីដ១៩កាលពេលកន្លងទៅ ហើយរឿងនេះជាស្នាដៃចុងក្រោយរបស់តារាសម្តែងថៃជើងចាស់ទាំងពីររូបនេះ ទើបក្រុមហ៊ុនចង់ឱ្យអ្នកទស្សនាបានមើល និងទទួលភាពរីករាយជាមួយរឿងនេះ។

សូមជម្រាបថា រឿង «ភូមិវាលឆ្កែលូ» នឹងចាក់បញ្ចាំងគ្រប់រោងភាពយន្តនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា នេះតទៅ។ សម្រាប់លោកអ្នកដែលមានគម្រោងទៅទស្សនាភាពយន្តតាមបណ្តារោងភាពយន្តនានា សូមកុំភ្លេចចូលរួមអនុវត្តវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ SOP និងវិធានការនានា ដែលដាក់ចេញដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ