(ភ្នំពេញ)៖ ក្រុមបុគ្គលិកទូរទស្សន៍CNC នៃក្រុមហ៊ុនCBS នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានកំពុងស្វែង​រកអ្នកច្បាប់​ឱ្យជួយ​ពិនិត្យលើអត្ថប្រយោជន៍ដែលត្រូវទទួលបានតាមនីតិវិធី ក្រោយខាងក្រុមហ៊ុនសម្រេចបណ្ដេញចេញ ក្រោមហេតុ​ផលកាត់បន្ថយបុគ្គលិកព្រោះវិបត្តិហិរញ្ញវត្ថុ។

ក្រុមបុគ្គលិកCNC ជាងម្ភៃនាក់ដែលត្រូវបណ្ដេញចេញបានឱ្យដឹងថា ភាគីក្រុមហ៊ុនបានបណ្ដេញចេញ​បុគ្គលិកក្រោម​ហេតុផលការ​ចំណាយថវិការច្រើនមិនមានប្រាក់ចំណេញ ដែលត្រូវការកាត់បន្ថយបុគ្គលិកមួយចំនួន​ទៅតាមផ្នែកនៃ​ក្រុមហ៊ុនCBS ក្នុងនោះCNCក៏ស្ថិតក្នុងដំបូលនេះដែរ។

ការបណ្ដេញចេញដោយមិនមានកំហុសនេះបុគ្គលិកមិនបដិសេដ្ឋទេ តែសូមឱ្យអនុវត្តន៍ផលប្រយោជន៍ជា​សំណងទៅតាម​ច្បាប់​លើកិច្ចសន្យាការងារមិនកំណត់ថេរវេលារវាងពួកគាត់និងក្រុមហ៊ុនសព្វថ្ងៃ ខណៈការបញ្ឈប់​នេះភាគីក្រុមហ៊ុន​បានផ្ដល់​ឱ្យមានដូចជា៖ ១ប្រាក់អតីតភាពគិតតែបីឆ្នាំចុងក្រោយ ២ប្រាក់ឈប់សម្រាក់ប្រចាំឆ្នាំ(គិតតែមួយឆ្នាំចុងក្រោយ) ៣ប្រាក់បំណាច់ជួសការជូនដំណឹង ៤ប្រាក់ខែចុងក្រោយ។

ចំណែកការទាមទាររបស់អតីតបុគ្គលិកគឺសូមឱ្យក្រុមហ៊ុនគិតឱ្យត្រឹមត្រូវតាមច្បាប់ការងារដូចជា ១.សូមគិតប្រាក់ជំនួសការឈប់សម្រាកប្រចាំឆ្នាំតាមអតីតភាពការងារចាប់តាំងពីធ្វើការបាន១ឆ្នាំដំបូង ២.សូមឱ្យក្រុមហ៊ុនគិតប្រាក់អតីតភាព១៥ថ្ងៃក្នុង១ឆ្នាំទៅតាមអតីតភាពការងារ ៣.សូមឱ្យគិតប្រាក់ជំងឺចិត្តតាមមាត្រា៩១ (១៥ថ្ងៃក្នុង១ឆ្នាំទៅតាមអតីតភាពការងារ) និង៤.សូមឱ្យគិតប្រាក់បន្ទាប់បន្សំ(ប្រាក់ទូរសព្ទប្រចាំខែ)។

ការទាមទារខាងលើក្រុមបុគ្គលិកកំពុងស្វែងរកមេធាវី និងខាងសហជីព ជាពិសេសមេធាវីស្ម័គ្រចិត្តជួយអន្តរាគមន៍ គោលបំណងគឺសូមទទួលអត្ថប្រយោជន៍ទៅតាមច្បាប់ការងារ។

សូមរំលឹកថា ក្រុមបុគ្គលិកផ្នែកព័ត៌មាន អ្នកកាត់ត អ្នកសម្របសម្រួលកម្មវិធី ២២នាក់ នៃទូរទស្សន៍ CNC មាន​អតីត​ភាពការងារចន្លោះពី១០ខែ រហូតដល់ជាង១៩ឆ្នាំ ត្រូវបានបណ្ដេញចេញជាបន្តបន្ទាប់ ហើយការបណ្ដេញ​ចេញ​នេះត្រូវបុគ្គលិកលើកឡើងថា គ្មានតម្លាភាពនោះទេ អ្នកចូលក្រោយនៅកៀកមេៗមិនឃើញបណ្ដេញចេញទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ