ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងប៉ោយប៉ែតបានចេញការព្រមានលើកដំបូងនៅរដូវទឹកជំនន់នាខែកញ្ញាឆ្នាំ២០២១នេះថា ក្រុងនេះនឹងអាចរងផលអាក្រក់ទឹកជំនន់ធ្ថន់ធ្ងរដែលស្រុងចុះពីប្រទេសថៃ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១ បានព្រមាន ក៏ដូចជាអំំពាវនាវអោយប្រុងប្រយ័ត្នខ្ពស់ដូច្នេះ ដោយយោងតាមការជូនដំណឹងរបស់អាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃដែរ។

អាជ្ញាធរស្រុកអារញ្ញាប្រាថេត ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានភាពទឹកនៅក្នុងស្រុកអារញ្ញប្រាថេត បានកំពុងហក់ឡើងលឿនគួរឱ្យព្រួយបារម្ភដែលបណ្តាលមកពីឥទ្ធិពលកម្ពស់ទឹកហក់ឡើងខ្ពស់នៅតំបន់ខៅយ៉ៃ នៃខេត្តនគររាជសីម៉ា នាដើមភូមិភាគឦសានប្រទេសថៃ ឬខាងជើងខេត្តបន្ទាយមានជ័យ។

អាជ្ញាធរក្រុងប៉ោយប៉ែតបានបន្តថា ៖ ស្ថានភាពទឹកជំនន់បែបនេះ វានឹងបង្កឱ្យស្រុងចុះពីតំបន់ខ្ពស់ចាងទឹកដីថៃចុះមកតំបន់ទាបជាង នៅផ្នែកខ្លះក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលនឹងទទួលរងឥទ្ធិពលក្នុងកម្រិតធ្ងន់ធ្ងរផងដែរទឹកជំនន់ពីភូមិសាស្រ្តខេត្តនៃប្រទេសថៃឡង់ដ៏

ស្ថិតក្នុងស្ថានភាពដែលភូមិសាស្ដ្រក្រុងប៉ោយប៉ែត អាចនឹងទទួលរងនូវការគំរាមកំហែងពីទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃតាមអូរព្រំដែនកម្ពុជា-ថៃ លោកគាត ហ៊ុល បានបញ្ជាក់ថា ៖ “ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត ខ្ញុំបាទបាននឹងកំពុងបន្តចាត់វិធានការនានា ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា នូវការគំរាមកំហែងពីទឹកជំនន់ធ្លាក់មកពីប្រទេសថៃ។ ទន្ទឹមគ្នានេះ ខ្ញុំបាទបានចាត់តាំងក្រុមការងារសង្កាត់ទាំង៣ រៀបចំទីទួលសុវត្ថិភាព ដើម្បីត្រៀមលក្ខណៈរួចជាស្រេចក្នុងការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលអាចរងគ្រោះដោយគ្រោះទឹកជំនន់នេះ”។

ឆ្លៀតក្នុង ឱកាសនេះ លោកសូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តក្រុង ពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅតាមប្របមាត់អូរព្រំដែនកម្ពុជា-ថៃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋរស់នៅផ្នែកខ្លះក្នុងភូមិសាស្ដ្រសង្កាត់ប៉ោយប៉ែត, សង្កាត់ផ្សារកណ្ដាល និងសង្កាត់និមិត្ត មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ