ភ្នំពេញ ៖ យោងតាមការបង្ហោះរបស់CAMSOC នៅព្រឹកថ្ងៃទី០៩ កក្កដានេះដោយក្នុងនោះឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវឲ្យសហព័ន្ធកីឡាជាតិនានាយកការសម្រេចនៃការពន្យាពេល ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ពីចុងឆ្នាំ២០២១ ទៅ អំឡុងពាក់កណ្តាលឆ្នាំ២០២២ យកទៅធ្វើជាផែនការហ្វឹកហាត់ក្រុមជម្រើសជាតិរបស់ខ្លួនឲ្យបានសស្រាក់សស្រាំ ដោយសារពន្យារពេលស៊ីហ្គេម នៅវៀតណាមនេះគឺជាឱកាសល្អ ដែលកម្ពុជាយើងនៅមានពេលវេលាបន្ថែមទៀត ក្នុងការត្រៀមខ្លួនចូលរួមប្រកួតមេដាយ។

ឯកឧត្តមអគ្គលេខាធិការលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីសម្រួចគោលដៅប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលជាហ្គេមយុទ្ធសាស្រ្តចុងក្រោយរបស់កម្ពុជា ក្នុងការសម្រួចគោលដៅ ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ដូច្នេះហើយការពន្យារពេលស៊ីហ្គេម នៅវៀតណាមទៅឆ្នាំ២០២២ គឺជាឱកាសត្រៀមខ្លួនអភិវឌ្ឍគុណផលកីឡារបស់ក្រុមជម្រើសជាតិកម្ពុជាឲ្យបានគត់មត់ និងកាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងរៀបចំចុងឆ្នាំ២០២១ត្រូវបានពន្យាពេលទៅរៀបចំនាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ដោយគណៈអចិន្ត្រៃយ៍ស៊ីហ្គេមបានឯកភាពគ្នា ក្រោមការសម្របសម្រួល និងសម្រេចចិត្តយ៉ាងផុលផុស ជាពិសេសគឺបានការឯកភាពគ្នាទាំងស្រុងក្នុងការជួយគ្នាទៅវិញទៅមកជួយបន្ធូរបន្ថយស្ថានភាពតានតឹងនៃវិបត្តិជំងឺកូវីដ-១៩នេះ។ ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមនឹងកំណត់ការបរិច្ឆេតច្បាស់លាស់ ឆាប់ៗខាងមុខនេះ ថាតើពីថ្ងៃណាដល់ថ្ងៃណា ក្នុងចន្លោះខែមេសា ដល់ខែឧសភា ក្នុងឆ្នាំ២០២២ ជូនក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្រោយដាក់សំណើរនេះជូនដល់រដ្ឋាភិបាលរបស់ខ្លួន៕

ប្រភពៈ CAMSOC

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ